សិស្សស្រី ២ក្រុម ផ្ដើមពីការមើលមុខគ្នា បង្កទៅជាទំនាស់ណាត់គ្នាប្រយុទ្ធនៅក្រោយវត្ត ត្រូវបានអាវុធហត្ថខេត្តកណ្ដាលស្រាវជ្រាវឃាត់ខ្លួន
យោងតាមការចុះផ្សាយគ្រុមតេឡេក្រាមរបស់ «បងប្អូនមហាគ្រួសារតាខ្មៅ» នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា មានករណីក្មេងទំនើងមួយក្រុមបានណាត់វាយគ្នា កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង ១៣:៣០នាទី នៅចំណុចវត្តក្របៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។

ក្រោយពីទទួលបានព័ត៌មាន និងការបែកធ្លាយរូបភាព កេ្មងស្រីសិស្សសាលា ប្រើអំពើហិង្សា (វាយគ្នាដោយដៃទៅវិញទៅមក) លោកឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានបញ្ជាជំនាញខេត្ត លោកមេបញ្ជាការ ក្រុង ស្រុក ឱ្យស្រាវជ្រាវ និងស្វែងរកការពិតករណីខាងលើជាបន្ទាន់។ តាមរយៈរូបភាពសកម្មភាពក្មេងស្រីវាយតប់គ្នាខាងជំនាញ ខេត្តកណ្តាល និង កងរាជអាវុហ្ថតក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវស្វែងរកឃើញពួកក្មេងទំនើងទាំងនោះ គឺជាសិស្សសាលា នៅក្រុងតាខ្មៅ។

ការស្រាវជ្រាវ និងបង្ក្រាបបាន នៅវេលាម៉ោង ១៦:៣០នាទី កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចសាលាវិទ្យាលយ័សេរីភាព ភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាមួយគ្នានោះដែរ កងរាជអាវុហ្ថត ក្រុងតាខ្មៅ ក៏បានស្នើសុំកិច្ចសហការពីលោកនាយកសាលា រហូតឈានដល់ អញ្ជើញសិស្សពាក់ពន្ធ័ក្នុងករណីហិង្សាខាងលើមកសាកសួរនៅទីចាត់ការសាលា។
គួរបញ្ចាក់ផងដែរថា ចំពោះរឿងហេតុដំបូងគឺ នៅវេលាម៉ោង ១១:០០នាទី កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចមុខសាលាវិទ្យាល័យសេរីភាព មានសិស្សសាលាវិទ្យាល័យ ហ៊ុនសែនតាខ្មៅ ចំនួន ០៤នាក់ជិះម៉ូតូ ០២គ្រឿង មកមុខសាលាវិទ្យាល័យសេរីភាព ក៏ជួបនឹងសិស្សសាលាសេរីភាព ០៣នាក់ជិះម៉ូតូ ០១គ្រឿង ហើយគូភាគីទាំងសងខាងបានមើលមុខគ្នាទៅវិញទៅមក ក៏ជិះម៉ូតូធ្វើដំណើរទៅគោលដៅរៀងៗខ្លួន។ លុះនៅវេលាម៉ោង ១៣:០០នាទី ថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤ ភាគីសិស្សសាលាវិទ្យាល័យ ហ៊ុន សែន តាខ្មៅ បានជិះម៉ូតូមកវិទ្យាល័យ ហ៊ុន សែន សេរីភាព បបួលណាត់ទៅវាយគ្នា នៅវត្តក្របៅ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ។ ពួកគេក៏ធ្វើដំណើរ ដល់ស្រះទឹកក្នុងវត្តក្រប៉ោ ក៏បានចាប់គូរវាយគ្នា ដោយភាគីខាងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ មានម្នាក់ ចំណែកភាគីខាងសាលាវិទ្យាល័យ ហ៊ុន សែន សេរីភាព មានគ្នាពីរនាក់ ដោយដំបូងវាយគ្នា ម្នាក់ទល់នឹងម្នាក់ ក្រោយមកទើបឱ្យអ្នកទីពីរចូលមកវាយបន្តទៀត ហើយក៏មានសិស្សលួចថតរូបបាន។ ករណីវាយគ្នានេះ មិនបណ្តាលឱ្យមានរបួសស្នាមទាំងសងខាងនោះទេ បន្ទាប់មកគូបក្ខដិបក្ខទាំងពីរក៏នាំគ្នាជិះម៉ូតូទៅផ្ទះរៀងៗខ្លួន។
នៅចំពោះមុខតំណាងគណៈគ្រប់គ្រងសាលា អាណាព្យាបាល និងកម្លាំងសមត្ថកិច្ច អហ ខេត្តកណ្តាល ពួកគេបានឆ្លើយសារភាពថា រូបភាពសកម្មភាពក្នុងវីដេអូ គឺពិតជារូបភាពពួកគេបានធ្វើសកម្មភាពពិតប្រាកដមែន។ ក្រោយពីពួកគេទាំងអស់គ្នា ទទួលស្គាល់នូវទង្វើខុសឆ្គងពីបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន សីលធម៌សង្គម ពួកគេក៏បានសន្យា និងប្តេជ្ញាចិត្ត នៅចំពោះមុខតំណាងសាលា អាណាព្យាបាល សមត្ថកិច្ច កងរាជអាវុធហត្ថ ថាឈប់ប្រព្រឹត្តរាល់អំពើទាំងឡាយណាដែលប្រាសចាកពីវិនយ័សាលា សីលធម៌សង្គម លិខិតបទដ្ឋានគតិយុទ្ធជាធរមាន ពិសេសជៀសវៀងដាច់ខាតនូវអំពើអបាយមុខ គ្រឿងញៀន បងតូច បងធំ ជាដើម។ ដោយមានការអនុញ្ញាតិពីឯកឧត្តម ព្រះរាជអាជ្ញា អោយឪពុកម្តាយ មកធ្វើលិខិតធានា និងកិច្ចសន្យា យកកូនទៅអប់រំបន្ថែម និងខំប្រឹងរៀនសូត្រ៕



ប្រភព៖ គ្រុមតេឡេក្រាម «បងប្អូនមហាគ្រួសារតាខ្មៅ»