គិតត្រឹមចុងឆ្នាំ ២០២៤ នេះ វត្តមានសត្វផ្សោតពណ៌ផ្កាឈូក នៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់ ៧០ក្បាល
(ខេត្តកំពត)៖ តាមរយៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងពី សហគមន៍នេសាទព្រែកត្នោត ថែរក្សាធនធានធម្មជាតិដើម្បីនិរន្ដរភាពសេដ្ឋកិច្ច និងបរិស្ថានដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សហគមន៍នេសាទព្រែកត្នោត ដែលកំពុងប្រឹងប្រែងក្នុងកិច្ចការពារធនធានធម្មជាតិជាច្រើននៅទីនោះ។ ជាពិសេស វត្តមានសត្វផ្សោតពណ៌ផ្កាឈូក ដែលគិតត្រឹមចុងឆ្នាំ ២០២៤ នេះ វត្តមានសត្វផ្សោតពណ៌ផ្កាឈូក មាននៅសហគមន៍នេសាទព្រែកត្នោត បានកើនឡើងដល់ ៧០ក្បាល ជ្រូកទឹកចំនួន ១ក្បាល និងផ្សោតក្បាលត្រឡោកជាច្រើនក្បាលទៀតបានស្នាក់នៅជាអចិន្ត្រៃយ៍នៅទីតាំងខាងលើផងដែរ។

គួរបញ្ចាក់ផងដែរថា ការថែរក្សាធនធានធម្មជាតិ ទាំងព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងប្រភេទសត្វសមុទ្រកម្រៗជាច្រើនប្រភេទ បានរួមចំណែកផ្ដល់ការងារនិងប្រាក់ចំណូលដល់សមាជិកសហគមន៍នេសាទនៅក្នុងតំបន់ តាមរយៈការផ្ដល់សេវាកម្មដល់ភ្ញៀវទេសចរដែលទៅកម្សាន្ត ដូចជាការជិះទូកមើលផ្សោតនិងព្រៃកោងកាង និងការផ្គត់ផ្គង់អាហារស្រស់ៗ នេសាទបានពីដែនទឹករបស់សហគមន៍ផ្ទាល់៕



ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ