ការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដំណើរការបានមួយចំនួន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ក្រុមជំនុំនៃគណៈស្រាវជ្រាវគម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរបានកោះប្រជុំជាមួយសមាជិកលើកដំបូង ដើម្បីស្គាល់គ្នា និងបែងចែកតួនាទីភារកិច្ចតាមជំនាញរៀងៗខ្លួន ដើម្បីចងក្រងឯកសារ និងរៀបចំគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ព្រមទាំងអនុប្រធាន និងសមាជិកទាំងអស់ ដែលបានជួបជុំពិភាក្សាគ្នា នៅទីស្នាក់ការ NOCC ក្នុងសប្តាហ៍នេះ។
ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC បានគូសបញ្ជាក់ថា កិច្ចប្រជុំលើកដំបូងនេះត្រូវបានធ្វើឡើង ក្នុងគោលបំណងបានស្គាល់សមាសភាពនៃគណៈកម្មការក្រុមជំនុំស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ និងពិភាក្សគ្នា ពិនិត្យមើលកិច្ចការងារ ដែលបានធ្វើកន្លងមក ព្រមទាំងការរៀបចំឯកសារផ្សេងៗ សម្រាប់រៀបចំការងារជាបន្តទៀត។ ក្រុមការងារបានរាយការណ៍អំពីការងារចងក្រងស្រាវជ្រាវជាឯកសារបានមួយចំនួននៃគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ មានទាំងគម្រប ទំព័រទី១ អារម្ភកថា បុព្វកថា និងប្រវត្តិផ្សេងៗ។

ឯកឧត្តមបានគូសសបញ្ជាក់ទៀតថា កិច្ចប្រជុំលើកដំបូងនេះ ក៏បានផ្តោតសំខាន់ទៅលើទៅលើការអនុម័តលើឯកសារពីរសំខាន់ គឺទី១ត្រូវរៀបចំក្រុមសីលធម៌របស់ក្រុមជំនុំ ដើម្បីពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងរៀបចំឱ្យមានភាពច្បាស់លាស់អំពីមនសិការរបស់សមាជិកក្រុមជំនុំ ក្នុងន័យធ្វើយ៉ាងឱ្យដំណើរនៃការស្រាវជ្រាវមានភាពស្មោះត្រង់លើកិច្ចការងារ និងមានស្មារតីជាក្រុមការងារបានល្អ ដោយជំរុញទឹកចិត្តក្រុមការងារតាមជំនាញនីមួយៗ ដើម្បីប្រព្រឹត្តិទៅប្រកបដោយសុខដុមនីកម្មក្នុងការងារស្រាវជ្រាវបឋម។ ទី២ គឺសំដៅលើការបែងចែកតួនាទីភារកិច្ចទៅតាមអ្នកស្រាវជ្រាវ ដែលមានលក្ខណៈសម្បត្តិផ្សេងៗគ្នា ដើម្បីបែងចែកការងារទៅប្រកបដោយប្រសិទ្ធភាព ដោយប្រមូលបាននូវការស្រាវជ្រាវជាធាតុផ្សំបង្កើតបានជាគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរឱ្យលេចជារូបរាងឡើង ដែលមានគុណតម្លៃវប្បធម៌ជាតិខ្ពស់សម្រាប់តម្កល់ផង និងជាសម្រាប់ឯកសារសិក្សា ឬជាមរតករតនៈសម្បត្តិរបស់ជាតិទៅថ្ងៃអនាគត។
សូមបញ្ជាក់ថា ក្រុមជំនុំនៃគណៈស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ សម្រាប់ការស្រាវជ្រាវនេះ មិនមានការកំណត់រយៈពេលនោះទេ ពោលការងារផលិតស្រាវជ្រាវនេះនឹងមានការចងក្រងសៀវភៅជាភាគ ដែលមានភាគ១ដល់ភាគជាច្រើនទៀត រហូតដល់បានគ្រប់គ្រាន់ ទើបបញ្ចប់ការស្រាជ្រាវ។ ក្រុមជំនុំនៃគណៈស្រាវជ្រាវគុម្ពីអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរនេះទទួលបានការផ្តល់អនុសាសន៍ពីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា៕



ប្រភព៖ ក្រសួងព័ត៌មាន