មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ចេញលិខិតបំភ្លឺ ចំពោះសារព័ត៌មានក្នុងស្រុក និងគណនីហ្វេសប៊ុកមួយ លើករណីថា មន្ទីរពេទ្យមិនព្រមព្យាបាលឱ្យអ្នកជំងឺម្នាក់ព្រោះគ្មានលុយ
យោងតាមាករចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានចេញលិខិតស្រាយបំភ្លឺ ចំពោះសារព័ត៌មានក្នុងស្រុកមួយ និងគណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផល្លីន លើករណីថា មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មិនព្រមព្យាបាលឱ្យអ្នកជំងឺម្នាក់ព្រោះគ្មានលុយ។

មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សូមស្រាយបំភ្លឺចំពោះសារព័ត៌មានក្នុងស្រុកមួយ លើករណីអ្នកជំងឺ ជនអនាថាម្នាក់ ឈ្មោះ ជា សាវឿន ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរ ដែលមានអាសយដ្ឋាននៅ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានជំងឺឈឺសន្លាក់ដើរមិនរួច (Poly arthritis) បានចូលសម្រាក ព្យាបាលតាំងពី ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅផ្នែកជំងឺទូទៅនៃមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មិនដូច ការលើកឡើងរបស់សារព័ត៌មានខាងលើឡើយ។

ចំពោះគណនីហ្វេសបុកឈ្មោះ Chhay Phallin-ឆាយ ផល្លីន ថាអ្នកជំងឺបានទទួលមរណភាពនោះ ក៏មិនពិតឡើយ និងមេត្តារក្សាក្រមសីលធម៌ កុំប្រមាថអាយុជីវិតរបស់គាត់
មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ សូមជម្រាបជូនថា មន្ទីរពេទ្យមិនបានទុកអ្នកជំងឺចោលនោះទេ ជារៀងរាល់ថ្ងៃក្រុមការងារតែងតែយកគាត់មកសម្អាតកាយនៅខាងក្រៅដើម្បីកុំអោយមានក្លិនមិនល្អ នៅក្នុងបន្ទប់គាត់ និងជះក្លិនមិនល្អទៅកាន់អ្នកសម្រាកក្បែរខាងគាត់ មន្ទីរពេទ្យក៏បានផ្តល់អាហារជូនគាត់រៀងរាល់ថ្ងៃផងដែរ ដោយសារអ្នកជំងឺមិនមានសាច់ញាតិមកមើលថែទាំនោះឡើយ។
សូមបញ្ជាក់ផងដែរថា មន្ទីរពេទ្យបានសហការជាមួយមន្ទីរសង្គមកិច្ច ដើម្បីដោះស្រាយចំពោះជនអនាថាជាប្រចាំ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណៈជន មេត្តាជ្រាបជា ព័ត៌មាន និងសូមអរគុណចំពោះមតិកែលម្អ៕


ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ