យុវជននៅខេត្តសៀមរាបរំពឹងថា ខ្លែងឯកខ្មែរនឹងបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា លោក លឺ ភារុណ ប្រធានក្រុមការងារយុវជនចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន បានលើកឡើងដែរថា ជាការពិតសម្រាប់លោកផ្ទាល់ក៏ពីមុនមកលោកធ្លាប់ឃើញតែខ្លែងសេរី ហើយទើបតែធ្លាប់ឃើញខ្លែងឯកជាលើកទី១នៅពេលដែលមករៀននេះប៉ុនណ្ណោះ។ ដូច្នេះដើម្បីឱ្យយុវជនជំនាន់ក្រោយបានស្គាល់ និងបានថែរក្សាមរតកវប្បធម៌នេះ លោកសហការជាមួយលោកស្រីចៅសង្កាត់បល្ល័ង្គ ស្នើសុំឱ្យលោកតាស៊ន់ ជួយបង្ហាត់បង្រៀនអំពីរបៀបធ្វើខ្លែងឯកនេះ។

លោក ខៀវ ប្រសើរ ប្រធានផែនផែនការ និងរបាយការណ៍ និងជាតំណាងឱ្យក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប បានធ្វើការអំពាវនាវដល់យុវជនទាំងអស់ចូលរួមជួយថែរក្សាវប្បធម៌ប្រពៃណីដែលដូនតាយើងបានបន្សល់ទុកឱ្យដោយនាំគ្នាស្វែងយល់ សិក្សា និងគាស់រំលឹកមកវិញនូវអ្វីដែលស្ទើរនឹងបាត់បង់ ដូចជាខ្លែងឯកនេះជាដើម។ ពាក់ព័ន្ធនឹងខ្លែងនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានកសាងសារមន្ទីរខ្លែងខ្មែរតាំងពីឆ្នាំ ២០០៣ ប៉ុន្តែសួរថាតើយុវជនយើងប៉ុន្មានអ្នកដែលដឹង? ដូចនេះសូមយុវជនយើងទៅសិក្សាស្វែងយល់បន្ថែមពីខ្លែងឯកនៅទីនោះផ្ទាល់។ ហើយក៏មានសមាគមអភិរក្ស និងអភិវឌ្ឍខ្លែងខ្មែរ ដើម្បីប្រមូលអ្នកស្រឡាញ់វិស័យខ្លែងខ្មែរ ឱ្យមកជួយថែរក្សាលើកស្ទួយវប្បធម៌ប្រពៃណីមួយនេះ និងដើម្បីចែករំលែកចំណេះដឹងផងដែរ។

ទន្ទឹមនឹងការព្រួយបារម្ភអំពីការបាត់បង់នេះ ក្រុមយុវជនខេត្តសៀមរាបបានបង្ហាញនូវការរំពឹងខ្ពស់ថា តាមរយៈការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាសេនាធិការ នឹងនាំយកនូវខ្លែងឯក ដែលជាសម្បត្តិវប្បធម៌របស់ខ្មែរនេះ ចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនាពេលខាងមុខនេះ។
សូមជម្រាបថា ដើម្បីថែរក្សា និងផ្សព្វផ្សាយអំពីខ្លែងឯកខ្មែរនេះ រដ្ឋបាលខេត្តសៀមរាបនឹងប្រារព្ធព្រឹត្តិការណ៍បង្ហោះខ្លែងដ៏ធំមួយរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៧ ដល់ទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ នៅព្រលានយន្តហោះសៀមរាបចាស់ នាក្រុងសៀមរាប។ ព្រឹត្តិការណ៍នេះ ត្រូវបានអ្នករៀបចំរំពឹងថា នឹងមានខ្លែងឯកមកពីទីនានាចូលរួមប្រមាណ ១០០ខ្លែង រួមជាមួយនឹងខ្លែងសេរីមួយចំនួនផងដែរ៕





ប្រភព៖ ក្រសួងព័ត៌មាន