ឯកឧត្តម គួច ចំរើន ចង់ឱ្យប្រជាពលរដ្ឋប្រកបរបរចម្លាក់ប្រាក់ស្ពាន់ ចូលជាសមាគមអ្នកផលិត ដើម្បីងាយរកទីផ្សារ
យោងតាមាករចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែធ្នុ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ចង់ឱ្យប្រជាពលរដ្ឋប្រកបរបរចម្លាក់ប្រាក់ស្ពាន់ ស្រុកពញាឮ ចូលជាសមាគមអ្នកផលិតដើម្បីងាយរកទីផ្សារ។ ឯកឧត្តមមានប្រសាសន៍ដូច្នេះកាលពីរសៀលថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ ក្នុងឱកាសដែលឯកឧត្តម លោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរស្រុកពញាឮ អញ្ជើញចុះពិនិត្យ និងស្វែងយល់អំពីសិប្បកម្មចម្លាក់ប្រាក់ស្ពាន់តាមខ្នងផ្ទះ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ប្រកបរបរចម្លាក់ប្រាក់ស្ពាន់ជាង ២០០នាក់ នៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរចម្លាក់ប្រាក់ស្ពាន់ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ការចុះមកពិនិត្យដល់ទីតាំងផលិតចម្លាក់ប្រាក់ស្ពាន់នេះ គឺដើម្បីស្វែងយល់អំពីសុខទុក្ខ ជីវភាពរស់នៅ ការលំបាក និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរផលិតចម្លាក់ប្រាក់ស្ពាន់ សំដៅជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ ស្ពាន់របស់ខេត្តឱ្យកាន់តែរីកចម្រើន មានទីផ្សារ រក្សាបានវប្បធម៌កេរដំណែលពីដូនតាកុំឱ្យបាត់បង់ និងដោះស្រាយទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ។
ឯកឧត្តមបានកោតសរសើរ និងមានសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលបានមកដល់ភូមិនេះ ព្រោះឃើញអ្នកភូមិមានភាពឧស្សាហ៍ព្យាយាមអត់ធ្មត់ ចេះយកពេលវេលាដ៏មានតម្លៃរបស់ខ្លួន ខិតខំបង្កើតវត្ថុផ្សេងៗដែលធ្វើឡើងអំពី ប្រាក់ ស្ពាន់ និងលោហធាតុដទៃទៀត ដោយប្រើដៃបានយ៉ាងស្ទាត់ជំនាញ ប្រកបទៅដោយក្បាច់រចនាដ៏ស្រស់ស្អាត ទុកសម្រាប់លក់នៅលើទីផ្សារដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃរបស់ខ្លួនបានយ៉ាងល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់បងប្អូនដែលប្រកបរបរចម្លាក់ប្រាក់ស្ពាន់ទាំងអស់ សូមចូលរួមជាសមាគមអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល ដើម្បីទទួលបានទីផ្សារកាន់តែទូលំទូលាយ ស្នាដៃផលិតកាន់តែមានគុណភាពខ្ពស់ មានក្បួនខ្នាតត្រឹមត្រូវ មានរចនាបថថ្មីៗស្របទៅតាមតម្រូវការទីផ្សារ ដើម្បីបង្កើនប្រាក់ចំណូល បានកាន់តែបានប្រសើរថែមទៀត។

ឯកឧត្តម អភិបាលខេត្ត បានស្នើដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវមានរៀបចំការប្រឡងយកស្នាដៃចម្លាក់ប្រាក់ស្ពាន់ ដើម្បីជ្រើសរើសរកស្នាដៃដែលលេចធ្លោជាងគេ ត្រឹមត្រូវស្របទៅតាមក្បួនខ្នាតបុរាណខ្មែរ ហើយរដ្ឋបាលខេត្តនឹងចេញវិញ្ញាបនបត្រទទួលស្គាល់ស្នាដៃនោះ។ ជាពិសេសរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពរបស់ខេត្តទាំងអស់នឹងយកចម្លាក់ស្ពាន់ក្នុងភូមិកោះចិននេះ ធ្វើជាវត្ថុអនុស្សាវរីយ៍សម្រាប់ជូនដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់ឱ្យកាន់តែទូលំទូលាយ និងមានការរីកចម្រើនឡើងថែមមួយកម្រិតទៀត។
ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រកបរបរចម្លាក់ប្រាក់ ស្ពាន់ ក៏ដូចជាប្រជាពលរដ្ឋទូទៅសូមអញ្ជើញទៅធ្វើបានបណ្ណ ប.ស.ស ឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានអត្ថប្រយោជន៍ផ្សេងៗជាច្រើន ដូចជាទទួលបានសេវាសុខភាពមិនអស់ប្រាក់ និងទទួលបានប្រាក់និវត្តន៍នៅពេលវ័យចាស់ជាដើម៕



ប្រភព៖ ក្រសួងព័ត៌មាន