ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្តិធម៌ស្នើឱ្យស្ថាប័នតុលាការ និង អយ្យការត្រូវតែអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើងដោយគ្មានការលើកលែងឡើយ

    BY December 26, 2024
    មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្តិធម៌ស្នើឱ្យស្ថាប័នតុលាការ និង អយ្យការត្រូវតែអនុវត្តន៍ច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើងដោយគ្មានការលើកលែងឡើយ

    (រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីរសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ បានឱ្យដឹងថា មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានស្នើឱ្យស្ថាប័នតុលាការ អយ្យការ និងសមត្ថកិច្ច ត្រូវតែអនុវត្តន៍ច្បាប់ឱ្យម៉ឺងម៉ាត់ចំពោះករណីក្មេងទំនើង ដោយគ្មានការលើកលែងនោះទេ ហើយក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមជួយរាយការណ៍ដល់សមត្ថកិច្ចនៅពេលឃើញមានករណីក្មេងទំនើងកើតឡើង។ នេះគឺជាការលើកឡើងរបស់ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌នៅក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធ «ករណីក្រុមក្មេងទំនើង» នារសៀលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌។

    ឯកឧត្តម ជិន ម៉ាលីន បានថ្លែងថា កាលពីថ្មីៗនេះមានករណីកើតឡើងដោយហិង្សាយ៉ាងសាហាវមួយ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៅវេលាម៉ោង ២ទាបភ្លឺ ស្ថិតនៅក្នុងភូមិរហែក ឃុំសូភី ស្រុកបាទី ខេត្តតាកែវ ដែល ប្រព្រឹត្តដោយក្មេងទំនើងមួយក្រុមយកកំាបិត-ផ្គាក់ កា-ប់លើជន រងគ្រោះបណ្តាលឱ្យមានរបួសធ្ងន់ ស្រាលចំនួន ២នាក់។ បច្ចុប្បន្ននេះ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យចំនួន ៣នាក់ និង កំពុងតាមចាប់ខ្លួនជនដៃដល់ផ្សេងទៀតដែលមានគ្នាសរុប ១១នាក់។ ឯកឧត្តមបានថ្លែងបញ្ជាក់ថា ដោយសារតែឃើញហេតុការដ៏សាហាវនេះទើបធ្វើ ក្រសួងយុត្តិធម៌បានធ្វើសន្និសីទសារព័ត៌មានដើម្បីបំភ្លឺដល់ជនរួមជាតិអំពីចំណាត់ការផ្លូវច្បាប់ដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងជាចំណាត់ការរបស់ក្រសួងយុត្តិធម៌។

    ឯកឧត្តមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានជម្រាបជូនថា ផ្អែកតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រសួងយុត្តិធម៌បានធ្វើការប្រជុំជាមួយប្រធានតុលាការ អយ្យការនៅទូទាំងប្រទេស និង បាន ណែនាំឱ្យប្រធានតុលាការ និងអយ្យការអមសាលាដំបូងទាំងអស់ប្រកាន់យកជំហរឱ្យម៉ឺងម៉ាត់ ក្នុងការអនុវត្តច្បាប់ចំពោះក្មេងទំនើង។ ឯកឧត្តមបានបន្ដថា នៅក្នុងសន្និបាតរបស់ក្រសួងយុត្តិធម៌ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ក៏បានជំរុញដល់តុលាការ និងអយ្យការ ត្រូវយកចិត្តទុកដាក់ចំនួន ៤ចំណុច៖

    ១. ធ្វើសម្រង់បញ្ជីពាក់ព័ន្ធ នឹងក្មេងទំនើង ដោយចាប់ពីខែមករា ឆ្នាំ ២០២៤ ទាំងក្នុងតំណាក់កាលតុលាការ អយ្យការ និងតំណាក់កាលជំនុំជម្រះក្ដីរួច។ នៅក្នុងសំណុំរឿងដែលកាត់ក្តីហើយ ត្រូវបញ្ជាក់អំពីទោស ដែលបានប្រកាស។

    ២. ណែនាំនិងជំរុញអំពីការអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់ និងគ្មានការលើកលែង។

    ៣.ព្រះរាជអាជ្ញា ដែលមានភារកិច្ចជាសេនាធិការ ត្រូវចាត់ទុកជាផ្នែកមួយក្នុងការដឹកនាំនយោបាយព្រហ្មទណ្ឌចំពោះក្មេងទំនើង ហើយត្រូវបង្កើនការយកចិត្តទុកដាក់។

    ៤. ស្ថាប័នអយ្យការ តុលាការ ត្រូវធ្វើសេចក្តីប្រកាសចំពោះចំណាត់ការរបស់ខ្លួន លើក្មេងទំនើងក្រោមដែន សមត្ថកិច្ចរបស់ខ្លួន ហើយធ្វើការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយ។ ក្នុងឱកាសនោះដែរ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌បានក៏បានបញ្ជាក់ផងដែរថា ចំពោះការអនុវត្តបទបញ្ជារបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងចំណាត់ការរបស់ក្រសួងយុត្តិធម៌សំណុំក្មេងទំនើងនៅទូទាំងប្រទេសមកដល់ពេលនេះ មានចំនួន ២ ១១៥ សំណុំរឿង និងបានឃុំខ្លួនជនដៃដល់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតចំនួន ២៨៤៩ រូប។

    ទន្ទឹមនេះ ករណីក្មេងទំនើងនេះ ក៏ត្រូវបានតុលាការធ្វើការចោទប្រកាន់ពីបទល្មើស និងផ្ដន្ទាទោសពីបទធ្វើឱ្យខូចខាតដោយចេតនា, ធ្វើឱ្យខូចខាតដោយចេតនាមាន ស្ថានទម្ងន់ទោស, ហិង្សាដោយចេតនា, ហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាតជាដើម។ ឯកឧត្តមបានអះអាងថា បើតាមការពិនិត្យចំពោះបទល្មើសរបស់ក្មេងទំនើង ភាគច្រើនកើតចេញពីការសេពគប់មិត្តខុស ដើរលេង ស៊ីផឹកពេលយប់ គំនុំគំកួន ទំនាស់ស្នេហា និងការប្រើប្រាស់គ្រឿងញៀនជាដើម។

    ជាមួយគ្នានេះដែរ ឯកឧត្តម ជិន ម៉ាលីន បានបន្ថែមថា បន្ទាប់ពីអនុវត្តន៍ចំណាត់ការរបស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីមក ករណីក្មេងទំនើងមានការថយចុះ ដោយនៅតាមខេត្ត ដំបូងមានសំណុំរឿងចំនួន ៦២៧សំណុំរឿង ហើយនៅរយៈពេលចុងក្រោយ មកដល់ពេលនេះមានតែជំនួន ៣៤២សំណុំរឿង។ ប៉ុន្តែក្នុងរយៈពេលថ្មីៗនេះហាក់ដូចមានការកើនឡើងវិញ ដូចជាករណីនៅខេត្តតាកែវ ប៉ុន្មានថ្ងៃមុនជាដើម។ ឯកឧត្តមក៏បញ្ជាក់ឱ្យដឹងទៀតថា៖ «ការងារក្មេងទំនើងនេះត្រូវបានយកចិត្តទុកដាក់ពិសេសនោះសម្តេចធិបតី បានប្រកាសដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ស្ថាប័នតុលាការ ស្ថាប័នអយ្យការត្រូវតែធ្វើការអនុវត្តឱ្យម៉ឺងម៉ាត់ ដោយគ្មានការលើក លែង ហើយការធ្វើបែបនេះដើម្បីថែរក្សានូវសណ្តាប់ធ្នាប់សាធារណៈ និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ»៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay