ស្នងការរាជធានីភ្នំពេញបកស្រាយ និងបដិសេធ ចំពោះករណីបុរសស្រវឹងម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ជិតគោលដៅវាស់ជាតិអាកុល
(រាជធានីភ្នំបេញ)៖ នៅរសៀលថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២៤ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្ដីបំភ្លឺ ចំពោះករណីបុរសស្រវឹងម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ជិតគោលដៅវាស់ជាតិអាកុល ដោយសារមានគណនីហ្វេសប៊ុកមួយ បានបង្ហោះខ្លឹមសារថា៖ «គិតខ្លួនឯងចុះមេៗរវល់ចាប់ជាតិអាកុលឡានមួយ២លានរៀលអាសូរតែឆ្ងាយដើរ ៥០ជំហានដល់សោះ ហេតុអ្វីមន្រ្តីអនុវត្តច្បាប់ជាតិស្រវឹងមិនមកជួយសង្គ្រោះបុរសម្នាក់គ្រោះថ្នាក់ចរាចរណ៍»។

ដោយមានការផ្សព្វផ្សាយលើតាមបណ្តាញសង្គមបែបនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺថា កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង២៣ និង ៥៥នាទី ត្រង់ចំណុច ផ្លូវ២១៦ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងជិះម៉ូតូដួលខ្លួនឯង ដោយជនរងគ្រោះ ០១នាក់ ភេទប្រុស អាយុប្រហែល ៥៧ឆ្នាំ។
ក្នុងស្ថានភាពស្រវឹង រូបគាត់បានចេញពីកន្លែងជូបជុំមិត្តភក្ដិ នៅម្ដុំស្ទឹងមានជ័យ ក្រោយមកដោយសារគ្មានអីជិះមកផ្ទះ ក៏បានសុំមនុស្សស្រី០១នាក់ អាយុប្រហែល៣២ឆ្នាំ ជិះម៉ូតូ ០១គ្រឿងម៉ាក ស៊ុមម័រ ពណ៌ត្រួយចេក ពាក់ស្លាក់លេខ ភ្នំពេញ 1JN-9297 ជូនទៅផ្ទះរបស់ខ្លួននៅក្រោយវត្តនុនមុន្នី ដោយស្ដ្រីនោះជាអ្នកបើកម៉ូតូ ពេលមកដល់កន្លែងកើតហេតុ ក៏ស្រាប់តែជូបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯង បណ្ដាលឱ្យបុរសនោះដួលធ្លាក់លើថ្នល់រងរបួសស្រាល និងវង្វេងស្មារតី ខណៈនោះស្រ្តីអ្នកបើកម៉ូតូក៏ដកសោរម៉ូតូគេចបាត់ ដោយបន្សល់ម៉ូតូទុកកន្លែងកើតហេតុ។

ក្រោយពីកើតហេតុភ្លាមៗណោះសមត្ថកិច្ច ដែលចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅចម្ងាយជាង ២០០ម៉ែត្រ ពីកន្លែងកើតហេតុក៏បានសហការជាមួយមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលចុះមកកន្លែងកើតហេតុ ហើយក៏បានសម្រួលចរាចរណ៍កន្លែងកើតហេតុ និងទំនាក់ទំនងរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកបុរសនោះទៅកាន់មន្ទីរពេទ្យ។
បន្ទាប់មករថយន្តសង្គ្រោះបានមកដល់ ប៉ុន្តែបុរសនោះបានដឹងខ្លួនមិនឡើងជិះរថយន្តសង្គ្រោះនោះទេ គាត់បានដើរទៅផ្ទះនៅជិតកន្លែងកើតហេតុដោយខ្លួនឯងបាត់ ហើយរថយន្តសង្គ្រោះបានត្រឡប់ទៅវិញ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធ ដែលចោទសមត្ថកិច្ចថាឃើញជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរណ៍មិនជួយនោះ គឺជាការបង្ហោះព័ត៌មានផ្សព្វផ្សាយមិនត្រឹមត្រូវនិងមិនពិត ជាមួយនឹងការនិយាយរិះគន់មកលើសមត្ថកិច្ចថា គិតតែចាប់រថយន្តផាក ២លានរៀល អនុវត្តជាតិស្រវឹង គឺជាការនិយាយមានលក្ខណៈញុះញង់ឱ្យមហាជនស្អប់ខ្ពើមសមត្ថកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅពេលយប់ ដើម្បីពង្រឹងច្បាប់ចរាចរណ៍ជាពិសេសពង្រឹងការត្រួតពិនិត្យជាតិស្រវឹងក្នុងការចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕


ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ