ថែសុខភាពផង! ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៥ ខាងមុខនេះ បាតុភូត «ឡានីណា» នឹងថយចុះពី ៦០ភាគរយ មក ៤០ភាគរយ ជំនួសមកវិញនូវបាតុភូត «អែនសូអព្យាក្រឹត»
យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងចាប់ពីខែមករា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៥ បាតុភូត «ឡានីណា» នឹងថយចុះពី ៦០ភាគរយ មក ៤០ភាគរយ ដោយជំនួសមកវិញនូវបាតុភូត «អែនសូអព្យាក្រឹត»។

បន្ទាប់ពីធ្វើការតាមដាន និងព្យាករណ៍ស្ថានភាពអាកាសធាតុទៅលើបាតុភូតសកល ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបពីស្ថានភាពអាកាសធាតុនៅក្នុងរដូវប្រាំងឆ្នាំ ២០២៥ យោងតាមការព្យាករស្តីពីស្ថានភាពវិវត្តនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និង តំបន់អេក្វាទ័របង្ហាញឱ្យឃើញថា ចាប់ពីខែមករា ដល់ខែឧសភា បាតុភូតឡានីណានឹងថយចុះពី ៦០ភាគរយ មក ៤០ភាគរយ ដោយជំនួសមកវិញនូវបាតុភូតអែនសូអព្យាក្រឹត (ENSO-Neutral) ដែលនឹងកើនឡើងពី ៦០ភាគរយ ទៅ ៨០ភាគរយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១. រដូវប្រាំង
១.១. សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមានឹងទាបជាងមធ្យមភាគច្រើនឆ្នាំ។ ដោយ ឡែកចាប់ពីខែមករា ដល់ដើមខែមីនា នៅតំបន់ខ្ពង់រាបរួមមាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានសីតុណ្ហភាពមធ្យមអប្បបរម ១៨°C និងមធ្យមអតិបរមា ៣០°C។
១.២. បរិមាណទឹកភ្លៀង៖ បរិមាណទឹកភ្លៀងមានកម្រិតប្រហាក់ប្រហែលនឹងមធ្យមភាគច្រើនឆ្នាំ។ ភ្លៀងកក់ ខែមានកម្រិតពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ ២០២៤ ជាមួយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន។ ដោយ ឡែកនៅតំបន់វាលទំនាប និងតំបន់មាត់សមុទ្រ កម្រិតទឹកភ្លៀងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
២. ដើមរដូវវស្សា៖ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី១ ឬសប្តាហ៍ទី២ នៃខែឧសភា ដែល លឿនជាងឆ្នាំ ២០២៤។
២.១. សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។
២.២. បរិមាណទឹកភ្លៀង៖ បរិមាណទឹកភ្លៀងមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ កម្រិតបរិមាណទឹកភ្លៀង ពីមធ្យមទៅបង្គួរ ជាមួយនឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់កើតច្រើន៕


ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម