អន្តរជាតិ
ជំងឺកញ្ជ្រឹលកំពុងផ្ទុះការរាតត្បាតខ្លាំងនៅបង់ក្លាដែស និងបានបណ្តាលឱ្យកុមារជាង ៥០០នាក់បាត់បង់ជីវិត
BY Pheakdey
May 24, 2026
បង់ក្លាដែស៖ ជំងឺកញ្ជ្រឹលកំពុងផ្ទុះការរាតត្បាតយ៉ាងខ្លាំងនៅក្នុងប្រទេសបង់ក្លាដែស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៤ ខែឧសភា។ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ មានកុមារបង់ក្លាដែសចំនួន ១៣នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិតដោយតែជំងឺកញ្រ្ជឹល។

យោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលបង់ក្លាដែសបានបង្ហាញថា បើគិតចាប់តាំងពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ មានកុមារនៅទូទាំងប្រទេសបង់ក្លេដែសចំនួន ៥១២នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយតែជំងឺកញ្ជ្រឹល។ សូមបញ្ជាក់ជូនថា នៅចំពោះស្ថានភាពនៃការរាតត្បាតជំងឺកញ្ជ្រឹលនេះ អង្គការ UNICEF ក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំមួយនៅក្នុងប្រទេសបង់ក្លាដែសផងដែរ ដោយគិតត្រឹមពេលនេះមានកុមារចំនួន ១៨លាននាក់ហើយ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកញ្ជ្រឹល៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia