មនុស្សជាង ៣០នាក់កំពុងកប់ជាប់ក្រោមគំនរបាក់បែក ក្នុងហេតុការណ៍បាក់អគារមួយកន្លែងនៅហ្វីលីពីន
ហ្វីលីពីន៖ មនុស្សជាច្រើនកំពុងបាត់ខ្លួនក្រោយអគារដ៏ធំមួយនៅក្នុងប្រទេសហ្វីលីពីនបានបាក់យ៉ាងឆាប់រហ័ស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី២៤ ខែឧសភា។ អគារដែលជាកន្លែងកើតហេតុខាងលើនេះ គឺជាអគារកំពុងស្ថិតនៅក្រោមការសាងសង់ និងមានទីតាំងស្ថិតនៅក្នុងក្រុង Angeles ភាគខាងជើង នៃប្រទេសហ្វីលីពីន។

បើតាមអាជ្ញាធរហ្វីលីពីនបានបញ្ជាក់ថា ភា្លមៗក្រោយមានហេតុការណ៍បាក់អគារគេបានជួយសង្គ្រោះមនុស្សចំនួន ១១នាក់ចេញពីគំនរបាក់បែក ខណៈមានមនុស្សចន្លោះពី ៣០-៤០នាក់ផ្សេងកំពុងកប់ជាប់នៅក្រោមគំនរបាក់បែក។ នៅចំពោះមុខស្ថានភាពបន្ទាន់នេះ អាជ្ញាធរហ្វីលីពីនបានប្រើប្រាស់ក្រុមអ្នកជួយសង្គ្រោះជាច្រើននាក់ ដើម្បីស្វែងរកមនុស្សកំពុងបាត់ខ្លួន ហើយគិតត្រឹមពេលនេះគេនៅមិនទាន់អាចសន្និដ្ឋានបានថា អ្នកបាត់ខ្លួនទាំងអស់នោះអាចមានសំណាងនៅមានជីវិតឬយ៉ាងណានោះទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia