ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍កម្ពុជា ជំរុញវិស័យឯកជននៅសៀងហៃ ឱ្យបង្កើតកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើន

    BY tey mira July 17, 2026
    ក្រសួងទេសចរណ៍កម្ពុជា ជំរុញវិស័យឯកជននៅសៀងហៃ ឱ្យបង្កើតកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរចិនមកកម្ពុជាឱ្យកាន់តែច្រើន

    សៀងហៃ៖ ក្នុងឱកាសអមដំណើរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនទេសចរណ៍ធំៗនៅទីក្រុងសៀងហៃ ដើម្បីជំរុញការទាក់ទាញភ្ញៀវទេសចរចិនមកកាន់កម្ពុជា។

    កិច្ចពិភាក្សានេះធ្វើឡើងកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកស្រី Sun Jie ប្រធានក្រុមហ៊ុន Touch Travel Agency និងជាស្ថានតំណាងក្រសួងទេសចរណ៍ប្រចាំទីក្រុងសៀងហៃ, លោកស្រី Maggie Yang អនុប្រធានក្រុមហ៊ុន Overseas Destination Marketing និងលោក Romain Woo ស្ថាបនិកក្រុមហ៊ុន Van Hao Sports ដែលសុទ្ធសឹងជាសហគ្រាសមានបទពិសោធន៍ខ្ពស់ក្នុងការនាំភ្ញៀវទេសចរចិនមកកាន់តំបន់អាស៊ាន។

    ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីគោលនយោបាយលើកលែងទិដ្ឋាការសាកល្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះប្រជាជនចិន។

    ឯកឧត្តមបានគូសបញ្ជាក់ពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប កាលានុវត្តភាពវិនិយោគ និងផលិតផលទេសចរណ៍ថ្មីៗរបស់កម្ពុជា ដែលជាកត្តាទាក់ទាញដ៏សំខាន់សម្រាប់ទីផ្សារចិន។

    ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនទេសចរណ៍ទាំងបី បន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ តាមរយៈសកម្មភាពសំខាន់ៗដូចជា៖ ការរៀបចំកញ្ចប់ទស្សនកិច្ចដ៏ទាក់ទាញ។ ការធ្វើប្រតិបត្តិការផ្សព្វផ្សាយរួមគ្នា។ ការរៀបចំដំណើរទស្សនកិច្ចសិក្សា (FAM Trip) ដើម្បីឱ្យទីភ្នាក់ងារទេសចរណ៍ និងអ្នកសារព័ត៌មានចិន បានមកឃើញដោយផ្ទាល់នូវភាពអស្ចារ្យរបស់កម្ពុជា។ ការងារនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ ក្នុងការទាញយកផលប្រយោជន៍ជាអតិបរមាពីគោលនយោបាយលើកលែងទិដ្ឋាការ ដើម្បីបង្កើនចំនួនភ្ញៀវទេសចរចិនឱ្យមកទស្សនាកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

    គួរបញ្ជាក់ថា នេះគឺជាកម្មវិធីជំនួបទី៥ ក្នុងដំណើរទស្សនកិច្ចការងាររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ដែលរួមបញ្ចូលទាំងការចូលរួមកម្មវិធី 2026 World AI Conference and High-Level Meeting on Global AI Governance នៅទីក្រុងសៀងហៃផងដែរ៕

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay