កម្លាំងជំនាញព្រហ្មទណ្ឌបង្រ្កាបក្មេងទំនើង ៨នាក់ដែលធ្វើសកម្មភាពគប់ដុំថ្ម បំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅខណ្ឌប្ញស្សីកែវ ចំនួន៤លើក
យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌបង្រ្កាបក្មេងទំនើង ៨នាក់ដែលធ្វើសកម្មភាពគប់ដុំថ្ម និងគប់កាំបិតបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ នៅខណ្ឌប្ញស្សីកែវ ចំនួន៤លើក។

អនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ បានស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើង៨នាក់ជាបន្តបន្ទាប់ កាលពីថ្ងៃទី១៦និង១៧ ខែកក្កដា ឆ្នាំ២០២៦ ករណីហិង្សាដោយចេតនា ដោយមានស្ថានទម្ងន់ទោស (គប់ដោយដុំថ្ម និងកាំបិតចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះ) ចំនួន៤លើក។
-លើកទី១ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦
-លើកទី២ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦
-លើកទី៣ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦
-លើកទី៤ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦
នៅចំណុចផ្លូវ លេខ ៥៩៨ ក្រុម២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ២:២០នាទីយប់ ថ្ងៃទី១២ ខែ កក្កដា ឆ្នាំ ២០២៦។
វត្ថុតាងចាប់យក: ១-កាំបិតធ្វើសកម្មភាព ៦ដើម, ២-ពូថៅធ្វើសកម្មភាព ១ដើម, ៣-ដែកទីបធ្វើសកម្មភាព១ដើម។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល កំពុងសាកសួរដើម្បីបន្តអនុវត្តតាមនីតិវិធី៕




ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ