ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ ២.០០០កន្លែង ដោយឥតបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម

    BY hor nita July 20, 2026
    វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ ២.០០០កន្លែង ដោយឥតបង់ថ្លៃសិក្សា និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម

    យោងតាមការចុះផ្សាយយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ២.០០០កន្លែង ដោយឥតបង់ថ្លៃសិក្សា ១០០ភាគរយ និងទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ដល់យុវជនគោលដៅមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ឬយុវជនទូទៅមកពីគ្រប់រាជធានី-ខេត្ត។

    លោកស្រី ផង់ ពុទ្ធី នាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានឱ្យដឹងថា វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំពុងផ្តោតលើការផ្តល់ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ សិស្សដែលបោះបង់ចោលការសិក្សា យុវជន យុវនារីដែលមិនទាន់មានការងារធ្វើ គ្រួសារងាយរងហានិភ័យ ឬយុវជនទូទៅមកពីគ្រប់រាជធានី-ខេត្ត។

    លោកស្រីបានបន្តថា បច្ចុប្បន្នវិទ្យាស្ថានកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍមូលធនមនុស្ស ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (C1-១.៥លាននាក់) ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ ដោយផ្តល់អាហារូបករណ៍ចំនួន ២.០០០កន្លែង ដោយឥតបង់ថ្លៃសិក្សា ១០០ភាគរយ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ។

    លោកស្រីបញ្ជាក់ថា ជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលផ្តល់អាហារូបករណ៍ រួមមាន៖ ការដំឡើង និងថែទាំបណ្តាញអគ្គិសនីក្នុងអគារ ការថែទាំ និងជួសជុលឧបករណ៍អេឡិចត្រូនិក សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន សេវាកម្មកុំព្យូទ័រ ការរចនាក្រាហ្វិកដោយកុំព្យូទ័រ សេវាកម្មសម្អាងកាយ (សាឡន) សេវាកម្មកាត់សក់បុរស ការធ្វើម្ហូបខ្មែរ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ធុរកិច្ចភេសជ្ជៈ និងការផលិតនំ (ការដុតនំ) ជាដើម។

    ចំពោះលក្ខខណ្ឌចូលរៀន គឺយុវជនគោលដៅមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ ឬយុវជនទូទៅមកពីគ្រប់រាជធានី-ខេត្ត ដែលមានអាយុចាប់ពី១៥ឆ្នាំ រហូតដល់៤៥ឆ្នាំ។ មានកាយសម្បទាសមរម្យស្របតាមជំនាញដែលបានជ្រើសរើស និងភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណ សេចក្តីចម្លងសំបុត្រកំណើត ឬសៀវភៅស្នាក់នៅជាដើម។

    លោកស្រីនាយិកាវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប បានបន្ថែមថា អត្ថប្រយោជន៍ដែលសិស្សទទួលបាន រួមមាន៖ រៀនជំនាញដោយឥតបង់ថ្លៃសិក្សា ១០០ភាគរយ ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺនរៀលក្នុងមួយខែ រយៈពេល៤ខែជាប់គ្នា (សម្រាប់បេក្ខជនមានប័ណ្ណក្រីក្រ ឬប័ណ្ណគ្រួសារងាយរងហានិភ័យដែលមានសុពលភាព) ទទួលបានជំនាញច្បាស់លាស់មួយ ទទួលបានបទពិសោធថ្មីៗតាមរយៈការអនុវត្តជាក់ស្តែងក្នុងរោងជាងពេលកំពុងសិក្សា ពេលចុះកម្មសិក្សា និងពេលចូលបម្រើការងារ ព្រមទាំងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

    វិទ្យាស្ថានក៏បានជួយសម្របសម្រួល និងស្វែងរកឱកាសការងារជូនសិស្ស ក្រោយពេលបញ្ចប់ការសិក្សាផងដែរ។

    សូមអំពាវនាវដល់សាធារណជន ជាពិសេសយុវជនដែលមិនទាន់មានការងារធ្វើ ឬចង់ទទួលបានជំនាញច្បាស់លាស់សម្រាប់ប្រកបការងារ ឬមុខរបរផ្ទាល់ខ្លួន សូមអញ្ជើញមកចុះឈ្មោះចូលរៀននៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ដែលមានទីតាំងស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប៕

    ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay