ជំនន់ទឹកភ្លៀងនៅប៉ែកខាងជើងប្រទេសឥណ្ឌា បណ្តាលឱ្យមនុស្ស ២៦នាក់បាត់បង់ជីវិត
ឥណ្ឌា៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២៦នាក់បានស្លាប់បាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀងនៅក្នុងប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Reuter នៅក្នុងថ្ងៃទី២២ ខែកក្កដា។ តួលេខអ្នកស្លាប់នេះត្រូវគេរាប់ចាប់តាំងពីពីដើមសប្តាហ៍នេះមក ពោលគឺជាពេលដែលភ្លៀងចាប់ផ្តើមធ្លាក់ខ្លាំងនិងបង្កឱ្យមានជំនន់ទឹកភ្លៀងយ៉ាងឆាប់រហ័ស។

បើតាមអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា តំបន់ដែលកំពុងរងការគំរាមគំហែងដោយគ្រោះធម្មជាតិខាងលើនេះគឺរដ្ឋ Assam ដែលស្ថិតនៅប៉ែកខាងជើង នៃប្រទេសឥណ្ឌា។ ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតអស់ជាច្រើននាក់ហើយ ឥទ្ធិពលរបស់ទំនន់ទឹកភ្លៀងក៏បានបង្កឱ្យមានការរំខានដល់ពលរដ្ឋជាច្រើននាក់ផ្សេងទៀតផងដែរ ដូចជាពិបាកធ្វើដំណើរ គ្មានអគ្គិសនីប្រើប្រាស់នៅតាមតំបន់មួយចំនួន ខណៈពលរដ្ឋមួយចំនួនត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនទៅកាន់ជំរំសុវត្ថិភាពជាបណ្តោះអាសន្ន៕

អត្ថបទ៖ ភក្តី
ប្រភព៖ Reuter