ឡាវ បានបញ្ចូននាយទាហានប្តូរវេនចំនួន ២រូប ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្រុមអ្នកសង្កេតការណ៍អាស៊ាន
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ នេះ ក្រសួងកាពារជាតិ បានបញ្ជាក់ឱ្យដឹងថា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានបញ្ចូននាយទាហានប្តូរវេនចំនួន ២រូប ដើម្បីចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន ក្រុមអ្នកសង្កេតការណ៍អាស៊ាន។

តាមការចញ្ជាក់ពី អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិបានឱ្យដឹងថា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៦ វេលាម៉ោង ១៣:០០នាទីរសៀល នាយទាហាន នៃនាយកដ្ឋានទាក់ទងអន្តរជាតិ នៃក្រសួងការពារជាតិ និងក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូបគឺ វរសេនីយ៍ទោ KHAMPHET FONGLAMAY និងវរសេនីយ៍ទោ SINGSAVAN VONGSOUVANH ចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយប្រទេសហ្វីលីពីន ជាប្រធានប្តូរវេនអាស៊ាន ក្នុងការចុះសង្កេតការណ៍ និងផ្ទៀងផ្ទាត់ស្ថានភាពព្រំដែនកម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។
កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងពង្រឹងតួនាទីដល់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា និងការពារអាយុជីវិតប្រជាពលរដ្ឋ។ ព្រមជាមួយគ្នានេះ កម្ពុជាស្វាគមន៍ជានិច្ចចំពោះបណ្តាប្រទេសជាមិត្តក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ឬចូលរួមជួយលើកិច្ចការសន្តិភាព។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបន្តការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព ស្ថិរភាព យូរអង្វែង៕


ប្រភព៖ ក្រសួងកាពារជាតិ