វៀតណាមគ្រោងអនុវត្តច្បាប់រឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមចំពោះកុមារ ដែលមានអាយុក្រោម ១៦ឆ្នាំ
វៀតណាម៖ វៀតណាមគ្រោងអនុវត្តច្បាប់រឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមចំពោះកុមារ ដែលមានអាយុក្រោម ១៦ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៤ ខែកក្កដា។ នៅក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ គឺវៀតណាមនឹងហាមឃាត់អ្នកប្រើប្រាស់បណ្តាញសង្គម ដែលមានយុក្រោម ១៦ឆ្នាំ មិនឱ្យបង្ហោះខ្លឹមសារ បញ្ចេញមតិ ឬបញ្ចេញប្រតិកម្មលើការបង្ហោះមាតិការមួយចំនួននៅលើបណ្តាញសង្គមនោះទេ។

ក្នុងការអនុវត្តច្បាប់ខាងលើនេះ រដ្ឋាភិបាលវៀតណាមនឹងដាក់សម្ពាធទៅកាន់ក្រុមហ៊ុនគ្រប់គ្រងបណ្តាញសង្គមទាំងអស់ត្រូវអនុវត្តវិធានការមួយចំនួនដូចជា៖
-ក្រុមហ៊ុនបណ្ដាញសង្គមត្រូវកំណត់ឱ្យគ្រប់គណនីរបស់កុមារ ដែលមានអាយុក្រោម ១៦ឆ្នាំទាំងអស់ ត្រូវតែចុះឈ្មោះដោយប្រើព័ត៌មានរបស់ឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់ ដែលមានភារកិច្ចត្រួតពិនិត្យខ្លឹមសារដែលពួកគេអាចមើល និងរយៈពេលដែលពួកគេអាចប្រើប្រាស់បណ្ដាញសង្គម។
-ក្រុមហ៊ុនបណ្ដាញសង្គមក៏ត្រូវប្រើបច្ចេកវិទ្យាដើម្បីកំណត់អត្តសញ្ញាណអ្នកប្រើជាកុមារ និងផ្តល់តែខ្លឹមសារសមស្របតាមអាយុ ព្រមទាំងការពារគណនីកុមារពីមាតិកាហិង្សា អាសអាភាស ល្បែងស៊ីសង គ្រឿងញៀន ការធ្វើអត្តឃាត និងមាតិកាគ្រោះថ្នាក់ផ្សេងៗ។
រដ្ឋាភិបាលវៀតណាមបញ្ជាក់ថា គោលបំណងនៃការអនុវត្តច្បាប់ខាងលើនេះគឺមិនមែនហាមឃាត់កុមារមិនឱ្យប្រើបណ្ដាញសង្គមទេ ប៉ុន្តែដើម្បីធានាថាពួកគេប្រើប្រាស់ក្នុងបរិយាកាសសុវត្ថិភាព និងសមស្របទៅតាមវ័យរបស់ពួកគេម្នាក់ៗ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time