អឺរ៉ុបពិន័យ Google ជាង ១ពាន់លានដុល្លារ ពីបទរំលោភច្បាប់ប្រកួតប្រជែង ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចរកឃើញតែកម្មវិធីនិងសេវាកម្មរបស់ខ្លួនជាជម្រើសអាទិភាព
អឺរ៉ុប៖ សហភាពអឺរ៉ុបសម្រេចពិន័យក្រុមហ៊ុន Google ជាប្រាក់សរុបចំនួន ៨៩០លានអឺរ៉ូ (ជាង ១ពាន់លានដុល្លារ) ពីបទរំលោភលើច្បាប់ប្រកួតប្រជែង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃទី២៤ ខែកក្កដា។ ក្រោមច្បាប់ទីផ្សារឌីជីថល សហភាពអឺរ៉ុបបានរកឃើញថា ក្រុមហ៊ុន Google បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតអាចស្វែងរកឃើញតែកម្មវិធីនិងសេវាកម្មរបស់ខ្លួនជាជម្រើសអាទិភាព បើទោះជាកម្មវិធីនិងសេវាកម្មរបស់ក្រុមហ៊ុនដទៃល្អជាងខ្លួនក៏ដោយ។

ប្រភពខាងលើបានបន្តថា ការពិន័យខាងលើនេះគឺត្រូវបានធ្វើឡើងចំពោះសកម្មភាពរំលោភអំណាចរបស់ក្រុមហ៊ុន Google ទៅលើក្រុមហ៊ុនជាដៃគូប្រកួតប្រជែងចំនួន ២ករណី ដូចក្រោម៖
-ករណីទី១ នៅលើ Google Search ៖ ក្រុមហ៊ុន Google បានផ្តល់អាទិភាពឱ្យអ្នកប្រើប្រាស់អ៊ីនធឺណិតអាចស្វែងរកឃើញ ការលក់សំបុត្រយន្តហោះនិងសេវាកម្មសណ្ឋគារ ដែលជាបណ្តាញអាជីវកម្មរបស់ក្រុមហ៊ុនខ្លួន បើទោះតម្លៃសំបុត្រនិងសណ្ឋាគាររបស់ក្រុមហ៊ុនផ្សេងល្អជាខ្លួនក៏ដោយ។ ប្រាក់ពិន័យចំពោះករណីនេះ គឺមានចំនួន ៤៦០ លានអឺរ៉ូ (ជាង ៥២៣ លានដុល្លារ)។
-ករណីទី២ នៅលើ Play Store ៖ ក្រុមហ៊ុន Google បានរឹតត្បឹត ឬមិនបានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកឃើញកម្មវិធីដែលមានតម្លៃធូរថ្លៃជាងកម្មវិធីរបស់ក្រុមហ៊ុនខ្លួននោះទេ។ ប្រាក់ពិន័យចំពោះករណីនេះ គឺមានចំនួន ៤៣០ លានអឺរ៉ូ (ជាង ៤៨៩ លានដុល្លារ)៕
យ៉ាងណាក្តី ក្រុមហ៊ុន Google មានរយៈពេល ៦០ថ្ងៃ ក្នុងការកែសម្រួលប្រតិបត្តិការរបស់ខ្លួនឱ្យស្របតាមបទប្បញ្ញត្តិ ឬប្តឹងតវ៉ាប្រឆាំងនឹងការសម្រេចនេះនៅតុលាការ៕

អត្ថបទ៖ ភក្តី
ប្រភព៖ BBC