ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍ គាំទ្រគំនិតផ្តួចផ្តើមយុទ្ធនាការជិះកង់ដើម្បីផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជា

    BY heangsamnuon168@gmail.com July 26, 2026
    ក្រសួងទេសចរណ៍ គាំទ្រគំនិតផ្តួចផ្តើមយុទ្ធនាការជិះកង់ដើម្បីផ្សព្វផ្សាយតំបន់សក្តានុពលទេសចរណ៍កម្ពុជា

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ទីវ តារារិទ្ធិ អ្នកធ្វើដំណើរដោយជិះកង់ជុំវិញពិភពលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងចែករំលែកបទពិសោធពីការជិះកង់ពីទ្វីបអាស៊ី អឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង ក្នុងចម្ងាយផ្លូវ ៥៨,០០០ គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសសរុប ៤០ និងប្រើរយៈពេល ២ ឆ្នាំពេញ ឬស្មើនឹង៧៣០ថ្ងៃ។

    ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទេពកោសល្យ ឆន្ទៈខ្ពស់ បទពិសោធ ការតស៊ូ និងស្មារតីស្រឡាញ់ជាតិពីសំណាក់លោក ទីវ តារារិទ្ធិ ក្នុងការធ្វើដំណើរទៅកាន់ប្រទេសនានា ដើម្បីផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា ក៏ដូចជាការចូលរួមសកម្មភាពមនុស្សធម៌ និងសង្គម។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ ស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមដែលចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសការនាំយកអច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក។

    សូមបញ្ជាក់ជូនផងដែរថា កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគាំទ្រដល់បេសកកម្មនៃការបើកបរទោចក្រយានយន្ត របស់លោក វ៉ាន់ ហ្សាកូលីន ពីព្រះរាជាណាចក្រកម្ពុជាឆ្ពោះទៅកាន់ពិព័រណ៍ម៉ូតូអន្តរជាតិ Esposizione Internazionale delle Due Ruote (EICMA) ដែលនឹងប្រារព្ធឡើងពីថ្ងៃទី៥ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុង Milan ប្រទេសអ៊ីតាលី ក្រោមកិច្ចសហការរវាងក្រុមហ៊ុន Calypso Motors និងក្រុមហ៊ុន ជីប ម៉ុង ។

    ជាក់ស្តែង គំនិតផ្តួចផ្តើម និងសកម្មភាពទាំងនេះ គឺពិតជាបានចូលរួមចំណែកជំរុញការផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា ក៏ដូចជាជំរុញការវិនិយោគនៅកម្ពុជា។

    ក្នុងន័យនេះ ក្រសួងទេសចរណ៍ នឹងបន្តខិតខំជំរុញគំនិតផ្តួចផ្តើម និងគាំទ្រនូវរាល់បេសកកម្មនានាដែលនាំ អច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក ដើម្បីនាំពិភពលោកមកកម្ពុជាវិញ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay