ក្រុមហ៊ុន Johnson & Johnson យល់ព្រមផ្តល់ប្រាក់សំណងសរុប ៥,៥ពាន់លានដុល្លារ ជុំវិញករណីបានចែកចាយម្សៅទារកមានផ្ទុកសារធាតុបង្កឱ្យកើតជំងឺមហារីក
អាមេរិក៖ ក្រុមហ៊ុន Johnson & Johnson យល់ព្រមបង់ប្រាក់សំណងសរុប ៥,៥ពាន់លានដុល្លារ ជុំវិញករណីដែលក្រុមហ៊ុនបានចែកចាយម្សៅសម្រាប់លាបទារក និងផលិតផលសម្រាប់ទារកមួយចំនួនទៀតមានផ្ទុកសារធាតុបង្កឱ្យកើតជំងឺមហារីកនាពេលកន្លងមក។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា រឿងរ៉ាវចម្រូងចម្រាសរបស់ក្រុមហ៊ុន Johnson & Johnson បានកើតឡើងតាំងពីអំឡុងឆ្នាំ ២០២០ ម្លេះ ហើយការដាក់ពាក្យបណ្តឹង និងការដោះស្រាយត្រូវបានធ្វើឡើងជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។

ប្រភពខាងលើបានបន្តថា ចំពោះប្រាក់សំណងចំនួន ៥,៥ពាន់លានដុល្លារខាងលើនេះគឺជាការដោះស្រាយសងជំងឺចិត្តចំពោះពាក្យបណ្តឹងប្រមាណជា ៦៩,០០០ ករណី ខណៈភាគីជនរងគ្រោះនីមួយៗអាចទទួលបានប្រាក់សំណងក្នុងចំនួនផ្សេងៗគ្នាដោយផ្អែកទៅតាមទំហំនៃផលប៉ះពាល់ជាក់ស្តែង។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមពេលនេះក្រុមហ៊ុន Johnson & Johnson បានដោះស្រាយផ្តល់ប្រាក់សំណងក្នុងករណីខាងលើនេះបានចំនួន ៩៩,៧៥% នៃពាក្យបណ្តឹងសរុបហើយ ហើយពាក្យបណ្តឹងដែលនៅសល់នឹងបន្តដោះស្រាយក្នុងពេលដ៏ខ្លីខាងមុខនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time