ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-ចិន បានឯកភាពគ្នាលើការងារមួយចំនួន ដើម្បីជំរុញ និងស្រូបទាញអ្នកវិនិយោគិនលើការកែច្នៃនៃវិស័យឧស្សាហកម្មស្វាយចន្ទីកម្ពុជា

    BY hor nita July 29, 2026
    កម្ពុជា-ចិន បានឯកភាពគ្នាលើការងារមួយចំនួន ដើម្បីជំរុញ និងស្រូបទាញអ្នកវិនិយោគិនលើការកែច្នៃនៃវិស័យឧស្សាហកម្មស្វាយចន្ទីកម្ពុជា

    កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ប្រទេសកម្ពុជា និងចិន បានឯកភាពគ្នាលើការងារធំៗមួយចំនួន ដើម្បីជំរុញ និងស្រូបទាញអ្នកវិនិយោគិន លើការកែច្នៃនៃវិស័យឧស្សាហកម្មស្វាយចន្ទីកម្ពុជាឱ្យកាន់តែរីកចម្រើន។

    ឯកឧត្តម រស់ សូដែន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន ដឹកនាំក្រុមការងារនៃនាយកដ្ឋានកសិឧស្សាហកម្ម ដើម្បីទៅទស្សនកិច្ចនៅប្រទេសចិន ដោយជួបជាមួយក្រុមហ៊ុនបច្ចេកវិទ្យាកសិកម្ម ហាងចូវ យូកូវយួន លីមីតធីត ស្ថិតនៅទីក្រុង ហាំងចូវ នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជំរុញ និងស្រូបទាញអ្នកវិនិយោគចិនលើការកែច្នៃនៃវិស័យឧស្សាហកម្មស្វាយចន្ទីកម្ពុជាឱ្យកាន់តែរីកចម្រើន។

    ជាលទ្ធផលក្រោយពីទស្សនកិច្ច និងពិភាក្សាគ្នា ភាគីក្រុមហ៊ុន និងប្រតិភូកម្ពុជា បានឯកភាពគ្នាមួយចំនួន ដូចជា៖ ទី១.ក្រុមហ៊ុន នឹងលើកកម្ពស់ស្វាយចន្ទីកម្ពុជា ជាម៉ាកស្វាយចន្ទីសរីរាង្គតាមរយៈការប្រមូលទិញគ្រាប់ស្វាយចន្ទីកម្ពុជាដោយផ្ទាល់យកមកកែច្នៃនៅប្រទេសចិន ដើម្បីនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុប ជប៉ុន និងទីផ្សារក្នុងស្រុកតែម្ដង។

    ទី២. ក្រុមហ៊ុននឹងជួលក្រុមហ៊ុនទី៣ ដើម្បីទៅប្រទេសកម្ពុជាធ្វើការចុះសិក្សា ពិនិត្យ និងវាយតម្លៃអំពីអនុលោមភាពស្វាយចន្ទីសរីរាង្គ (ទាំងស្វាយចន្ទីពូជ M23 និងពូជប្រពៃណី) នៅតាមបណ្ដាខេត្តមួយចំនួនដូចជាខេត្តរតនគិរី, ស្ទឹងត្រែង, ក្រចេះ, កំពង់ចាម, កំពង់ធំ, សៀមរាប និងខេត្តព្រះវិហារជាដើម នៅអំឡុងខែសីហា ឆ្នាំ២០២៦ ខាងមុខឆាប់ៗនេះ។

    ទី៣.ក្រុមហ៊ុន បានបង្ហាញគោលបំណងក្នុងការមកវិនិយោគបង្កើត រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីតែម្ដងនៅខេត្តក្រចេះ និងបានស្នើសុំការគាំទ្រពីថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនូវលក្ខខណ្ឌអនុគ្រោះមួយចំនួន។

    ទី៤.ក្រុមហ៊ុន នឹងចូលរួមវេទិកា កសិធុរកិច្ច និងវេទិកានានាតាមការអញ្ជើញរបស់ភាគីកម្ពុជានាពេលខាងមុខ។

    ទី៥.ប្រតិភូកម្ពុជា បានគាំទ្រដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាក្នុងគោលបំណងមកធ្វើការសិក្សា និងវាយ តម្លៃលើស្វាយចន្ទីសរីរាង្គនៅកម្ពុជា និងលើកសំណើនេះជូនថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំគោលការណ៍ជូននាយកដ្ឋានកសិឧស្សាហកម្មចូលរួមសម្របសម្រួលឱ្យបានសម្រេចជោគជ័យតាមផែនការ និងទី៦.ភាគីទាំងពីរនឹងធ្វើការទំនាក់ទំនងគ្នាជាបន្តទៀត ដោយមាននាយកដ្ឋានកសិឧស្សាហកម្ម គឺជាអង្គភាពទទួលបន្ទុកការងារសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ ៕

    ប្រភព​៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា

    Share This Post:
    MPO4D jitutoto mpo4d Mpoplay