សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញចុះត្រួតពិនិត្យការហ្វឹកហ្វឺននាវិកកងទ័ពជើងទឹកកម្ពុជា
(ខេត្តព្រះសីហនុ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ១០រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីចុះត្រួតពិនិត្យការហ្វឹកហ្វឺនរបស់នាវិកកងទ័ពជើងទឹកកម្ពុជា។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ក៏បានចូលរួមចុះត្រួតពិនិត្យប្រតិបត្តិការហ្វឹកហ្វឺននាវា FRIGATE លេខ៦២២ (កោះកុងសែនជ័យ) ដែលកំពុងបំពេញបេសកកម្មល្បាតក្នុងដែនសមុទ្រកម្ពុជាផងដែរ។
ការហ្វឹកហ្វឺននេះ គឺជាការលើកកម្ពស់សមត្ថភាពនាវិកកម្ពុជា ដើម្បីពង្រឹងកិច្ចការពារបូរណភាពដែនសមុទ្រ និងរក្សាសន្តិសុខជាតិ ដែលជាសមិទ្ធផលកើតចេញពីនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល៕








ប្រភព៖ ក្រសួងព័ត៌មាន