ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដូវកាលបៃតង មិនមែនជាឧបសគ្គនៃការធ្វើដំណើរនោះទេ ប៉ុន្តែជាឱកាសដ៏ល្អមួយក្នុងការស្គាល់កម្ពុជាពីជ្រុងថ្មីមួយទៀត គឺ «បៃតងជាងមុន ស្រស់ស្អាតជាងមុន និងពោរពេញដោយបទពិសោធន៍ដែលមិនអាចបំភ្លេចបាន»

    BY heangsamnuon168@gmail.com August 9, 2026
    រដូវកាលបៃតង មិនមែនជាឧបសគ្គនៃការធ្វើដំណើរនោះទេ ប៉ុន្តែជាឱកាសដ៏ល្អមួយក្នុងការស្គាល់កម្ពុជាពីជ្រុងថ្មីមួយទៀត គឺ «បៃតងជាងមុន ស្រស់ស្អាតជាងមុន និងពោរពេញដោយបទពិសោធន៍ដែលមិនអាចបំភ្លេចបាន»

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ ព្រឹត្តិការណ៍ទេសចរណ៍រដូវកាល​បៃ​តង ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ៖ «សក្កានុពល​អេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០​​២​៦​​»។ ព្រឹត្តិការណ៍ទេសចរណ៍ក្នុង​រដូវកាលបៃតងនេះ រៀបចំឡើងក្នុងគោលបំណងបំផុសស្មារតីសេ្នហាជាតិ ស្រឡាញ់មាតុភូមិ សាមគ្គីភាព ចូលរួមអភិរក្សសម្បត្តិបេតិកភណ្ឌរូបិយ អរូបិយ សម្បត្តិធម្មជាតិ ស្របតាមទស្សនទាន «ទេសចរណ៍ ផ្សារភ្ជាប់នឹងទឹកដី»,«ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី», ជាពិសេស ការជំរុញចលនាទេសចរណ៍ក្នុងស្រុក និងការលើកកម្ពស់កិត្តិនាមកម្ពុជា និងចូលរួមបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព, ផ្ដល់នូវភាពកក់ក្ដៅ, បដិសណ្ឋារកិច្ចល្អ និងជាទឹកដីដ៏សែនមនោរម្យ ស្វាគមន៍ការមកកម្សាន្តរបស់ទេសចរមកពីគ្រប់ទិសទីទូទាំងសកលលោក។

    ក្នុងព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម​ ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង និងលោកជំទាវ, ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង, ឯកឧត្ដមអគ្គកុងស៊ុលរងនៃសាធារណរដ្ឋប្រជាមានិតឡាវ ប្រចាំខេត្តស្ទឹងត្រែង, ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងឯកឧត្ដម លោកជំទាវ​ អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរទេសចរណ៍ខេត្តនៅតំបន់ភូមិភាគឥសាន្ត ព្រមទាំងអស់​លោក លោកស្រី តំណាងក្រុមហ៊ុនដៃគូសហការឧបត្ថម្ភ, សមាគមក្នុងឧស្សហកម្មទេសចរណ៍, ប្រតិបត្តិករទេសចរណ៍, វិស័យឯកជន, អង្គការដៃគូ, វាគ្មិនកិត្តិយស, បងប្អូនប្រជាសហគមន៍, អ្នកផលិតមាតិកា Influencers និង KOLs ប្អូនៗយុវជន សិស្ស និស្សិត ប្រមាណ ១.០០០នាក់។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានយកឱកាសនេះ សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការដ៏ល្អរវាងរដ្ឋបាលខេត្តស្ទឹងត្រែង និងក្រុមការងាររដូវកាលបៃតងនៃក្រសួងទេសចរណ៍, មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង, ក្រុមហ៊ុនដៃគូសហការឧបត្ថម្ភ, ​ វិស័យឯកជន, វាគ្មិនកិត្តិយស, សិល្បៈករ សិល្បៈការិនី, អ្នកផលិតមាតិកាព័ត៌មាន, Influencers, KOLs ទាំងអស់ ដែលបានផ្តល់កិច្ចសហការ​រៀបចំ, ឧបត្ថម្ភគាំទ្រ, ចែករំលែកបទពិសោធល្អៗ និងសម្របសម្រួល​សព្វគ្រប់បែបយ៉ាង ដែលជំរុញឱ្យ ព្រឹត្តិការណ៍ទេសចរណ៍នៅរដូវកាលបៃតង ឆ្នាំ២០​២​៦​ ​នៅខេត្តស្ទឹងត្រែង នេះប្រព្រឹត្តទៅ ប្រកបដោយភាព​អធិក​អធម​ សប្បាយ​​រីករាយ និងសម្រេចបានផ្លែផ្កាគួរជាទីមោទ​ន​​ភា​ព។

    ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គពិធីថា ការបំប្លែងរដូវ​កា​ល​ «Green Season» មិនមែនគ្រាន់តែជាការផ្លាស់ប្តូរឈ្មោះនោះទេ ប៉ុន្តែគឺជាការផ្លាស់ប្តូរផ្នត់គំនិត និងជាយុទ្ធសាស្ត្រជាតិដ៏មុតស្រួច។ រដូវកាលនេះ គឺជាពេលវេលាដែលកម្ពុជាបង្ហាញនូវសម្រស់ដ៏ពិតប្រាកដ និងរស់រវើកបំផុតរបស់ខ្លួន។ ធម្មជាតិពោរពេញដោយភាពស្រស់បំព្រង ពណ៌បៃតងខ្ចីគ្របដណ្តប់ពាសពេញប្រទេស ខ្យល់អាកាសបរិសុទ្ធ និងទេសភាពដ៏ត្រកាល បង្កើតបានជាបទពិសោធ ដ៏កម្រ និងមានតម្លៃសម្រាប់ភ្ញៀវទេសចរ។

    ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសរំលេចបន្ថែមថា «ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង» គឺជាផ្នែកមួយនៃការជំរុញចលនាទេសចរណ៍ និងបង្ហាញពីភាពស្រស់ស្អាត ព្រមទាំងសក្តានុពលដ៏សម្បូរបែបរបស់កម្ពុជានារដូវកាលបៃតង។ តាមរយៈព្រឹត្តិការណ៍នេះ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនិងបានមើលឃើញថា រដូវកាលបៃតង គឺជារដូវកាលដ៏ស្រស់ស្អាតមួយសម្រាប់ការធ្វើដំណើរកម្សាន្តនៅកម្ពុជា ដែលមានបទពិសោធន៍ទេសចរណ៍ថ្មីៗជាច្រើនកំពុងរង់ចាំការស្វែងយល់ និងការរុករក។ សូមជម្រាបជូនថា ព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតង បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តសៀមរាប ក្រោមប្រធានបទ «សក្តានុពលទេសចរណ៍តំបន់បេតិកភណ្ឌ និងវប្បធម៌ក្នុងរដូវកាលបៃតង» ដើម្បីបង្ហាញពីភាពរស់រវើក និងភាពទាក់ទាញនៃតំបន់បេតិកភណ្ឌ និងវប្បធម៌ខ្មែរ ដែលកាន់តែស្រស់បំព្រងនៅក្នុងរដូវកាលបៃតង។ ដោយឡែក នៅរាត្រីនេះ ដំណើររដូវកាលបៃតងបានបន្តមកដល់ទឹកដីខេត្តស្ទឹងត្រែង ដែលជាទឹកដីសម្បូរទៅដោយធនធានធម្មជាតិ ទន្លេ ព្រៃឈើ សហគមន៍ និងសក្តានុពលអេកូទេសចរណ៍ដ៏លេចធ្លោ និងរៀបចំឡើងក្រោមប្រធានបទ «សក្តានុពលអេកូទេសចរណ៍នៅតំបន់ភូមិភាគឦសាន ក្នុងរដូវកាលបៃតង ឆ្នាំ២០២៦»។ បន្ទាប់ពីព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតងនៅខេត្តស្ទឹងត្រែង ដែលត្រូវបានរៀបចំសម្រាប់តំបន់ភូមិភាគឥសាន្ត នឹងបន្តទៅខេត្ត Cluster នៅតំបន់ឆ្នេរ, បន្ទាប់មក នឹងបិទបញ្ចប់ នៅរាជធានីភ្នំពេញ វិញ ជាមួយនឹងប្រធានបទផ្សេងៗ ស្របទៅតាមសក្តានុពលនៃរាជធានី ខេត្តនីមួយៗ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay