របាយការណ៍មួយបង្ហាញថា៖ ពលរដ្ឋថៃកំពុងកាន់កាប់កាំភ្លើងសរុបជាង ១០លានដើម ដែលជាតួលេខច្រើនជាងគេបំផុតក្នុងចំណោមប្រទេសនៅអាស៊ាន
ថៃ៖ របាយការណ៍មួយបានបង្ហាញថា ពលរដ្ឋថៃកំពុងកាន់កាប់កាំភ្លើងសរុប ១០,៣លានដើម ដែលជាតួលេខនៃការកាន់កាប់កាំភ្លើងច្រើនបំផុតក្នុងចំណោមប្រទេសនៅតំបន់អាស៊ាន។ របាយកាណ៍មួយនេះត្រូវបានរកឃើញដោយអង្គភាព The World Population Review និងត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន VN Express កាលពីពេលថ្មីៗនេះ។

យោងទៅតាមចំនួនកាំភ្លើង និងចំនួនពលរដ្ឋថៃសរុបក្នុងឆ្នាំ២០២៦នេះ គេអាចគិតជាមធ្យមថានៅក្នុងចំណោមពលរដ្ឋថៃ ១០០នាក់ គឺមានការកាន់កាំភ្លើងចំនួន ១៥ ដើម។ ប្រភពខាងលើបានបន្តថា នៅក្នុងចំណោមកាំភ្លើងជាង ១០លានដើមនោះទៀតសោធ គឺមានកាំភ្លើងចំនួន ៦,២លានដើមត្រូវបានចុះបញ្ជីត្រឹមត្រូវ ខណៈកាំភ្លើងចំនួន ៤,១លានដើមផ្សេងទៀតគឺកំពុងត្រូវបានកាន់កាប់ដោយខុសច្បាប់។ សូមបញ្ជាក់ជូនថា របាយការណ៍ខាងលើនេះត្រូវបានចុះផ្សាយស្របពេលដែលមានករណីបាញ់ប្រហារដ៏សាហាវមួយកើតឡើងនៅក្នុងទីក្រុងបាងកក ប្រទេសថៃ បង្កឡើងដោយខ្មាន់កាំភ្លើងជាកូនសិស្សអាយុ ១៤ម្នាក់ ដែលបានបាញ់សម្លាប់យាយរបស់គេម្នាក់នៅផ្ទះ ហើយបន្តទៅបាញ់សម្លាប់មនុស្សនៅក្នុងសាលារៀនចំនួន ៦នាក់ផ្សេងទៀតផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express