ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកភូមិភាគឦសានគឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍពីតំបន់កណ្ដាលប្រទេស

    BY tey mira August 12, 2026
    សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកភូមិភាគឦសានគឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍពីតំបន់កណ្ដាលប្រទេស

    ស្ទឹងត្រែង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦–សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងចាត់ទុកភូមិភាគឦសាន រួមមាន ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះគឺជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍនៃភូមិភាគឦសាននិងតំបន់កណ្ដាលប្រទេស។

    ជាក់ស្ដែងរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍន៍មូលធនមនុស្សតាមរយៈការកែលម្អសេវាសាធារណៈ ជាពិសេស សុខាភិបាល អប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រឹងប្រែងពង្រីកការតភ្ជាប់ ភូមិភាគឦសានជាមួយរាជធានីភ្នំពេញ តាមបណ្ដាខេត្តជុំវិញ និងប្រទេសជិតខាងតាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវជាតិ ស្ពាន និងបានពុះពារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់វិស័យកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងពាណិជ្ជកម្មឆ្លងដែន និងការទាក់ទាញវិនិយោគតាមរយៈការតភ្ជាប់បណ្ដាញផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងទូរគមនាគមន៍។

    ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២៦នេះ សម្ដេចធិបតី បានមានប្រសាសន៍ថា«យើងទាំងអស់គ្នាដឹងហើយ អម្បិញមិញក៏ខ្ញុំបានលើកនូវទិសឦសាននេះ ជាប៉ូលសេដ្ឋកិច្ចប្រៀបធៀបជាមួយនឹងប៉ូលសេដ្ឋកិច្ចផ្សេង ដូចជាប៉ូលសេដ្ឋកិច្ចភ្នំពេញ សៀមរាប ខេត្តព្រះសីហនុ យើងនៅមានកម្រិត មានកត្តាមួយចំនួនដែលមិនមានប្រៀបប្រៀបធៀបជាមួយសក្ដានុពលរបស់ប៉ូលសេដ្ឋកិច្ចផ្សេង ដូចជាចម្ងាយឆ្ងាយពីទីប្រជុំជន ពីសមុទ្រ ពីមជ្ឈមណ្ឌល ពីកន្លែងធ្វើដំណើរផ្លូវអាកាស ផ្លូវទឹក ប៉ុន្តែខេត្តនៅទិសឦសានក៏មានសក្ដានុពលមួយចំនួនដែលខេត្តផ្សេងៗនៅតំបន់ផ្សេងៗអត់មានសក្ដានុពលកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ចឹងអ្វីដែលសំខាន់យើងត្រូវមើលអ្វីដែលយើងមាន ហើយយើងព្យាយាមទាញយកផលដើម្បីអភិវឌ្ឍន៍នៅកន្លែងនេះ»។

    សូមជម្រាបជូនថា ខេត្តស្ទឹងត្រែង ស្ថិតនៅភាគឦសាននៃប្រទេស មានព្រំប្រទល់ខាងជើងជាប់ខេត្តពីរនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអាត់តាពើ ដែលមានបណ្ដោយព្រំដែនប្រមាណ ២៥៥គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ ០២៩ ដល់បង្គោលព្រំដែនលេខ ០៩៧ មានខ្សែព្រំដែនដើរតាមផ្លូវគោកប្រមាណ ១៨៦គីឡូម៉ែត្រ ខ្សែព្រំដែនដើរតាមផ្លូវទឹកប្រមាណ ៦៩គីឡូម៉ែត្រ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងកើតជាប់ខេត្តរតនគិរី និងខាងលិចជាប់នឹងខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ សណ្ឋានដីជាតំបន់ខ្ពង់រាប មានវាលទំនាប និងភ្នំខ្ពស់ៗនៅជ្រុងទិសឦសាន។

    ខេត្តមានទន្លេបួនហូរកាត់គឺទន្លេមេគង្គ ទន្លេកុង (សេកុង) ទន្លេសាន (សេសាន) និងទន្លេស្រែពក ដែលទន្លេមេគង្គកាត់ចំកណ្ដាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆាជាតិ និងប្រព័ន្ធជីវៈចម្រុះអេកូឡូហ្ស៊ី។

    ខេត្តមានផ្ទៃដី ១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីខេត្តគ្របដណ្ដប់ភាគច្រើនដោយព្រៃឈើជាង ៦៧% ផ្ទៃដីបង្កបង្កើនផលប្រមាណ ២១% ផ្ទៃដីវារីវប្បកម្មនិងប្រភពទឹក ៣% ផ្ទៃដីវាលស្មៅ-ហួតហែង ១% និងដីលំនៅឋានប្រមាណ ៨%។ ដីពុំសូវមានជីជាតិច្រើន តែមានភាពអនុគ្រោះលើផ្នែកកសិឧស្សាហកម្ម។

    ក្នុងការគ្រប់គ្រងរដ្ឋបាលដែនដីចែកជា ៦ក្រុង ស្រុក ៣៤ឃុំ សង្កាត់ និង១៣៧ភូមិ មានប្រជាពលរដ្ឋសរុប ១៩១.០៧១នាក់ (ស្រី ៩៤.១៨៦នាក់) ស្មើនឹង ៤៦.០៨៣គ្រួសារ ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ (ស្រី ៥៨.៧៦២នាក់) មានអត្រាកំណើនប្រចាំឆ្នាំ ៥% ដង់ស៊ីតេប្រជាជន ១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។

    ប្រជាពលរដ្ឋមានមុខរបរកសិកម្មជាង ៧៦% ពាណិជ្ជកម្ម ៥% សិប្បកម្ម ៤% ចិញ្ចឹមសត្វ ៣% និងនេសាទ ១%។ ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ ១.៨៩៨ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់ ១៧%។

    សេដ្ឋកិច្ចរបស់ខេត្តពឹងផ្អែកលើវិស័យសំខាន់ៗចំនួនបីរួមមាន ៖

    +កសិកម្ម ៖ ស្វាយ ស្វាយចន្ទី ចេកអំបូងលឿង ដំឡូងមី ស្រូវ កៅស៊ូ ។ល។

    +រ៉ែ ៖ ធ្យូងថ្ម ម៉ង់កាណែស រ៉ែដែក រ៉ែសំណ ថ្មម៉ាប់ ។ល។

    +ទេសចរណ៍ ៖ ក្នុងទូទាំងខេត្ត មានទីបុរាណដ្ឋានចំនួន ១១៥កន្លែង, តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ០៣កន្លែង, រមណីយដ្ឋានធម្មជាតិកែច្នៃ ០៣កន្លែង (រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ០១កន្លែង, រមណីយដ្ឋានកសិទេសចរណ៍ ០១កន្លែង និងរមណីយដ្ឋានធម្មជាតិកែច្នៃតាមរដូវកាល ០១កន្លែង) និងតំបន់គោលដៅអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ០៨កន្លែង ដែលក្នុងនោះភ្ញៀវទេសចរនិយមទៅទស្សនាកំសាន្តរួមមាន សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ តំបន់ទេសចរណ៍រ៉ាមសារ សហគមន៍ទេសចរណ៍សម្រស់កោះហាន សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ រមណីយដ្ឋានបក្សីមេគង្គ ស្ទឹងត្រែងរីសត រមណីយដ្ឋានចម្ការក្រូច តំបន់ទេសចរណ៍អូរឬស្សីកណ្ដាល តំបន់ទេសចរណ៍វារីអគ្គិសនីសេសានក្រោម២ និងតំបន់ឧទ្យានជាតិវិរៈជ័យជាដើម។ល។

    ប្រភព ក្រសួងព័ត៍មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay