តុលាការអាមេរិកបានចោទប្រកាន់មនុស្ស ១១នាក់ ក្នុងសំណុំរឿងរៀបចំអាពាហ៍ពិពាហ៍ក្លែងក្លាយ ដើម្បីរត់ការយកជនបរទេសទៅរស់នៅអាមេរិកដោយស្របច្បាប់
អាមេរិក៖ តុលាការអាមេរិកបានចោទប្រកាន់មនុស្ស ១១នាក់ ពាក់ព័ន្ធនឹងបណ្តាញរៀបចំអាពាហ៍ពិពាហ៍ក្លែងក្លាយ ដើម្បីរត់ការយកជនបរទេសទៅរស់នៅដោយស្របច្បាប់ក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១៣ ខែសីហា។ នៅក្នុងចំណោមមនុស្សទាំង ១១នាក់នោះ គឺមាន ៦នាក់ជាអ្នកសម្របសម្រួលដោយផ្ទាល់ និង ៥នាក់ផ្សេងទៀតគឺជាផ្សំគំនិត ខណៈអត្តសញ្ញាណលម្អិតរបស់ពួកគេមិនត្រូវបានបង្ហាញឡើយ។

បើតាមក្រសួងយុត្តិធម៌អាមេរិកបានរកឃើញថា បណ្តាញរៀបអាពាហ៍ពិពាហ៍ក្លែងក្លាយនេះបានដំណើរការអស់រយៈពេលប្រហែល ១០ឆ្នាំមកហើយ និងបានរៀបចំឱ្យមានអាពាហ៍ពិពាហ៍ក្លែងក្លាយប្រមាណជា ១,០០០ករណីផងដែរ។ នៅក្នុងដំណើរការនៃការរៀបចំអាពាហ៍ពិពាហ៍ក្លែងក្លាយនេះ គឺជនបរទេសម្នាក់ត្រូវបង់ប្រាក់ចំនួន ១០០,០០០ដុល្លារ ឱ្យទៅក្រុមអ្នកសម្របសម្រួល ខណៈដែលពលរដ្ឋអាមេរិកដែលយល់ព្រមរៀបការក្លែងក្លាយនឹងទទួលប្រាក់ចំនួន ៣០,០០០ ដុល្លារ។ ប្រភពខាងលើបានបន្តថា ចំពោះក្រុមជនបរទេសដែលស្វែងរកសេវារត់ការប្រភេទនេះគឺភាគច្រើនជាជនជាតិចិន៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time