ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាកសាងប្រព័ន្ធយុត្តិធម៌រឹងមាំ ប្រកបដោយតម្លាភាព បម្រើផលប្រយោជន៍ជាតិ និងប្រជាជន ជុំវិញបទល្មើសឆ្លងដែន

    BY heangsamnuon168@gmail.com August 16, 2026
    កម្ពុជា វៀតណាម ឡាវ ប្តេជ្ញាកសាងប្រព័ន្ធយុត្តិធម៌រឹងមាំ ប្រកបដោយតម្លាភាព បម្រើផលប្រយោជន៍ជាតិ និងប្រជាជន ជុំវិញបទល្មើសឆ្លងដែន

    យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨ ប្រទេសទាំងបីបានបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងប្រព័ន្ធយុត្តិធម៌រឹងមាំ ប្រកបដោយតម្លាភាព និងបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជននៃប្រទេសរៀងៗខ្លួន ពាក់ព័ន្ធនឹងបទល្មើសឆ្លងដែន។

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់តុលាការកំពូលកម្ពុជាបានឱ្យដឹងថា តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨» នៅរាជធានីភ្នំពេញ ប្រកបដោយជោគជ័យ។

    អង្គសន្និសីទបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជីវ កេង ប្រធានតុលាការកំពូលនៃព្រះរាជាណា ចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ង្វៀន វ៉ាន់ ក្វាង ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងឯកឧត្តម ផៃវី ស៊ីប៊ុលលីផា ប្រធានតុលាការប្រជាជនកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងគណៈប្រតិភូតុលាការនៃបណ្តាខេត្តជាប់ព្រំដែនកម្ពុជា វៀតណាម និងឡាវ។

    អង្គសន្និសីទបាននាំមកនូវផលប្រយោជន៍ជាសារវន្តជាច្រើនជូនដល់ស្ថាប័នតុលាការ ប្រជាពលរដ្ឋ និងប្រទេសជាតិរៀងៗខ្លួន ជាអាទិ៍៖

    (១) មានយន្តការទំនាក់ទំនង និងសម្របសម្រួលរវាងតុលាការខេត្តជាប់ព្រំដែន ដើម្បីសម្រួលដល់ការបញ្ជូនឯកសារតុលាការ និងការប្រមូល ឬផ្ទៀងផ្ទាត់ភស្តុតាងឆ្លងដែន ឱ្យបានឆាប់រហ័ស អនុលោមតាមនីតិវិធីជាធរមាន ដោយធានាបាននូវការអនុវត្តច្បាប់លើជនល្មើសប្រកបដោយតម្លាភាព និងយុត្តិធម៌។

    (២) ការបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការត្រួតពិនិត្យគ្រឿងញៀន ការបង្ក្រាបអំពើជួញដូរមនុស្ស និងការការពារធនធានធម្មជាតិជាដើម។

    (៣) ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ទាំងលើទិដ្ឋភាពច្បាប់ និងការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យយុត្តិធម៌។

    (៤) ការដោះស្រាយវិវាទរដ្ឋប្បវេណី និងពាណិជ្ជកម្មឆ្លងដែនប្រកបដោយប្រសិទ្ធភាព ដើម្បីបង្កើនទំនុកចិត្តដល់វិនិយោគិន និងជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មតាមព្រំដែន។ (៥) លើកកម្ពស់ទំនុកចិត្តរបស់សាធារណជនលើប្រព័ន្ធយុត្តិធម៌ និងភាពរឹងមាំនៃនីតិរដ្ឋ។

    បន្ថែមពីលើនេះ ផ្អែកលើទិន្នន័យនៃការកើនឡើងនៃបទល្មើសព្រហ្មទណ្ឌ និងវិវាទផ្នែករដ្ឋប្បវេណីឆ្លងដែន អង្គសន្និសីទទទួលស្គាល់ថា ពិតជាមានភាពចាំបាច់ណាស់ ក្នុងការបន្ត និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងតុលាការនៃប្រទេសទាំងបី។

    ជាមួយគ្នានេះ អង្គសន្និសីទបានអនុម័តដោយឯកច្ឆន្ទនូវ «សេចក្តីប្រកាសរួមនៃសន្និសីទតុលាការនៃបណ្តាខេត្តជាប់ព្រំដែន កម្ពុជា វៀតណាម ឡាវ លើកទី៨» ដែលជាសក្ខីកម្មបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់ ក្នុងការកសាងប្រព័ន្ធយុត្តិធម៌រឹងមាំ ប្រកបដោយតម្លាភាព និងបម្រើផលប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់ជាតិ និងប្រជាជននៃប្រទេសរៀងៗខ្លួន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay