អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នឹងផ្អាកការផ្តល់សេវាអត្តសញ្ញាណកម្ម នៅទីតាំងមួយចំនួន រយៈពេលមួយថ្ងៃ
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៦ នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសេចក្តីជូនដំណឹង ពីការផ្អាកការផ្តល់សេវាអត្តសញ្ញាណកម្ម នៅទីតាំងមួយចំនួន រយៈពេលមួយថ្ងៃ។

ក្នុងសេចក្ដីជូនដំណឹងរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានបញ្ជាក់បន្ថែមថា ការផ្អាកការផ្តល់សេវាអត្តសញ្ញាណកម្មចំនួន ១ថ្ងៃ គឺថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ ២០២៦។
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋដែល អញ្ជើញមកទទួលសេវាអត្តសញ្ញាណកម្មទាំងអស់មេត្តាជ្រាបថា អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងរៀបចំ វគ្គបំពាក់បំប៉នតម្រង់ទិសលើការងារសំខាន់ៗសម្រាប់ថ្នាក់ដឹកនាំ និងមន្ត្រី នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម រយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ ២០២៦។ ដូច្នេះ ការផ្តល់សេវា នឹងត្រូវផ្អាកមួយថ្ងៃ សម្រាប់ទីតាំងដូចខាងក្រោម៖
១- សេវាកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន នៅនាយកដ្ឋានអត្រានុកូលដ្ឋាន ក្នុងបរិវេណអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានទីតាំងនៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
២- សេវាលិខិតឆ្លងដែន នៅនាយកដ្ឋានលិខិតឆ្លងដែន ដែលមានទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៣- សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ នៅនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដែលមាន ទីតាំងនៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
៤- សេវាបញ្ជាក់អត្តសញ្ញាណបុគ្គល និងបញ្ជាក់អំពីភាពត្រឹមត្រូវនៃទិន្នន័យអត្តសញ្ញាណបុគ្គល នៅនាយកដ្ឋានរដ្ឋបាល សរុប ក្នុងបរិវេណអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ដែលមានទីតាំង នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រៅពីទីតាំងទាំង៤ ខាងលើ បណ្តាសាខា និងស្នាក់ការផ្តល់សេវាអត្តសញ្ញាណកម្មទាំងអស់នៅបន្ត បើកដំណើរការផ្តល់សេវាជាធម្មតា។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៧១ រៀងរាល់ ម៉ោងធ្វើការ៕

ប្រភព៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម