ប្រធានាធិបតីមីយ៉ាន់ម៉ា នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម មីន អោងឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា នៅដើមខែកញ្ញាខាងមុខនេះ។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានប្រាប់ឱ្យដឹងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ថា តាមគម្រោង ឯកឧត្តម មីន អោងឡាំង នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា នៅដើមខែកញ្ញាខាងមុខ។
ឯកឧត្តមបានបន្តថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម មីន អោងឡាំង មានគោលបំណងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
បើតាមឯកឧត្តមអ្នកនាំពាក្យព្រឹទ្ធសភា ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក៏នឹងមានជំនួបជាមួយថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជាជាច្រើនរូបផងដែរ។
សំឡេង៖ «តាមការគ្រោងទុក គឺឯកឧត្តមប្រធានាធិបតីមីយ៉ាន់ម៉ា នឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជានៅដើមខែកញ្ញា ដែលជាដំណើរទស្សនកិច្ចក្នុងគោលបំណង ដើម្បីពង្រឹងចំណងមិត្តភាពរវាងកម្ពុជា និងមីយ៉ាន់ម៉ា ឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំ»។
សូមបញ្ជាក់ថា ឯកឧត្តម មីន អោងឡាំង ធ្លាប់បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ថ្ងៃ នៅកម្ពុជាម្តងរួចមកហើយ ក្នុងនាមជាអគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា កាលពីខែមីនា ឆ្នាំ២០១៧។
សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជានាពេលខាងមុខនេះ គឺជាដំណើរទស្សនកិច្ចលើកទី២ របស់ឯកឧត្តម មីន អោងឡាំង បន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីស៊ីវិល កាលពីខែមេសា ឆ្នាំ២០២៦ កន្លងទៅ។
មុននឹងអញ្ជើញមកដល់កម្ពុជា ឯកឧត្តម មីន អោងឡាំង បាននិងកំពុងបន្តបំពេញទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួនរួចមកហើយ រួមមាន ប្រទេសឡាវ ប្រទេសថៃ និងប្រទេសរុស្ស៊ី៕




ប្រភព វិទ្យុជាតិកម្ពុជា