ឥណ្ឌាចុះកិច្ចព្រមព្រៀងតម្លៃជាងតម្លៃ ២០០លានដុល្លារ ដើម្បីជួលដ្រូន ២គ្រឿងពីក្រុមហ៊ុនអាមេរិក
ឥណ្ឌា៖ ក្រសួងការពារជាតិឥណ្ឌាបានចុះកិច្ចព្រមព្រៀងតម្លៃ ២០៣ លានដុល្លារ ដើម្បីជួលដ្រូន ចំនួន ២គ្រឿងពីក្រុមហ៊ុនអាមេរិក General Atomics នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express នៅក្នុងថ្ងៃទី១៨ ខែសីហា។ ដ្រូនចំនួន ២គ្រឿងនោះគឺជាដ្រូនប្រភេទ MQ-9B Sea Guardian ហើយរយៈពេលនៃការជួលគឺ ២,៥ ឆ្នាំ ឬ ៣០ខែ។

តាមការរំពឹងទុក ដ្រូនទាំង ២គ្រឿងនេះនឹងជួយបង្កើនសមត្ថភាពកងទ័ពជើងទឹកឥណ្ឌាក្នុងការល្បាត ស៊ើបការណ៍ និងឆ្លើយតបទៅនឹងស្ថានការណ៍ក្នុងតំបន់មហាសមុទ្រឥណ្ឌា។ គួរបញ្ជាក់ជូនថា ដ្រូន MQ-9B Sea Guardian ត្រូវបានរចនាឡើងសម្រាប់ការប្រមូលព័ត៌មានស៊ើបការណ៍សម្ងាត់ ការឃ្លាំមើល និងបេសកកម្មឈ្លបយកការណ៍ ក៏ដូចជាការវាយប្រហារដោយភាពជាក់លាក់។ ដ្រូន MQ-9B Sea Guardian បានបំពាក់ឧបករណ៍អេឡិចត្រូនិច និងឧបករណ៍ចាប់សញ្ញាទំនើបៗជាច្រើន និងមានសមត្ថភាពធ្វើប្រតិបត្តិការក្នុងរយៈពេលើសពី ៣០ម៉ោង នៅរយៈកម្ពស់ប្រហែល ១២ គីឡូម៉ែត្រ ហើយវាក៏ត្រូវបានបញ្ចូលឧបករណ៍ឯកទេសសម្រាប់ទប់ទល់នឹងនាវាមុជទឹកផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ VN Express