ប៉ូលិសតៃវ៉ាន់ឃាត់ខ្លួនស្រ្តីថៃនិងជាគ្រូប្រដាល់ក្បាច់គុនថៃម្នាក់ ដែលបានលាក់សារធាតុខុសច្បាប់ ៧២គ្រាប់នៅក្នុងពោះ
តៃវ៉ាន់៖ អាជ្ញាធរតៃវ៉ាន់បានឃាត់ខ្លួនស្រ្តីជនជាតិថៃម្នាក់ ដែលបានព្យាយាមនាំយកគ្រឿងញៀនចំនួន ៧២គ្រាប់ចូលទៅកោះតៃវ៉ាន់តាមរយៈការលេបគ្រឿងញៀនទាំងនោះចូលទៅក្នុងពោះ នេះបើយោងនេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Khaosod English។ ស្រ្តីជាជនសង្ស័យរូបនេះត្រូវបានគេបង្ហាញឈ្មោះហៅកាត់ត្រឹមថា Ms. A និងមានការងារជាគ្រូប្រដាល់ក្បាច់គុនថៃ (Muay Thai Instructor)។ 
ប្រភពខាងលើបានបន្តថា ការឃាត់ខ្លួនស្រ្តីជាជនសង្ស័យត្រូវបានធ្វើឡើងនៅក្នុងព្រលានយន្តហោះអន្តរជាតិ Kaohsiung ក្រោយអាជ្ញាធរតៃវ៉ាន់បានទទួលបានព័ត៌មានថា ស្រ្តីរូបនេះជាមុខសញ្ញារត់ពន្ធគ្រឿងញៀន ដែលអាចលាក់គ្រឿងញៀននៅក្នុងវ៉ាលី ឬនៅលើរាងកាយរបស់គាត់។ ក្នុងពេលត្រួតពិនិត្យនៅក្នុងវ៉ាលី និងនៅលើរាងកាយជនសង្ស័យ គេមិនបានរកឃើញគ្រឿងញៀនអ្វីនោះទេ ក៏ប៉ុន្តែក្រោយពេលធ្វើ X-ray គេបានប្រទះឃើញមានគ្រឿងញៀនចំនួន ៧២គ្រាប់នៅក្នុងពោះរបស់គាត់។
បើតាមអាជ្ញាធរតៃវ៉ាន់បានបញ្ជាក់ថា គ្រឿងញៀនទាំងនោះគឺជាគ្រឿងញៀនប្រភេទហេរ៉ូអ៊ីន មានទម្ងន់សរុប ២៨៩,១ក្រាម និងមានតម្លៃប្រមាណជា ៣,៦លានដុល្លារតៃវ៉ាន់ (ជាង ១១ម៉ឺនដុល្លារអាមេរិក) សម្រាប់នៅក្នុងទីផ្សារងងឹតលើកោះតៃវ៉ាន់។ ម្សៅហេរ៉ូអ៊ីនទាំងនោះត្រូវបានជនសង្ស័យរុំដោយប្លាស្ទិកក្នុងទម្រង់ស្រដៀងទៅនឹងថ្នាំពេទ្យ តែមានទំហំធំជាងថ្នាំពេទ្យបន្តិច។ គិតត្រឹមពេលនេះស្រ្តីជាជនសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយយកគ្រឿងញៀនទាំងនោះចេញពីក្នុងខ្លួនរបស់គាត់ ហើយក្នុងករណីដែលគ្រឿងញៀនទាំងនោះរលាយនៅក្នុងពោះរបស់គាត់គឺអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត៕

អត្ថបទ៖ ភក្តី
ប្រភព៖ Khaosod English