កម្ពុជា ទទួលរងឥទ្ធិពលតិចតួចពីព្យុះ ទី១៨ ឈ្មោះ «សូដេល» ដែលបណ្ដាឱ្យតំបន់់មួយចំនួនមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៦ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ប្រទេសកម្ពុជា ទទួលរងឥទ្ធិពលតិចតួចពីព្យុះ ទី១៨ ឈ្មោះ «សូដេល» (Saudel) ដែលបណ្ដាឱ្យតំបន់់មួយចំនួនមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦។

យោងតាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស បានបញ្ចាក់ថា សម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី១៨ ឈ្មោះ សូដេល (Saudel)T2618 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែល បក់ លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រ កម្ពុជា” និងលើព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជាណាចក្រកម្ពុជាពុំស្ថិតនៅក្នុងគន្លងផ្លូវដើរ របស់ព្យុះ សូដេល នេះទេ។ ដោយស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០២៦ ធ្វើឱ្យតំបន់វាលទំនា សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសពាយ័ព្យមានល្បឿនមធ្យម ៥ម៉ែត្រ វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង តាកែវ កណ្តាល និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់លើផ្ទៃដី ៤០%។
ចំពោះតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា ២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម ៨ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៦០%។
ដោយឡែក សម្រាប់តំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម ៧ម៉ែត្រ/វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើ ផ្ទៃដី ៧០%។ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម