មីឆុងទឹកត្រជាក់ កំពុងផ្ទុះការគាំទ្រខ្លាំងនៅជប៉ុន ខណៈដែលជប៉ុនកំពុងប្រឈមនឹងបញ្ហារលកកម្តៅដ៏ខ្ពស់
ជប៉ុន៖ មីឆុងទឹកក្តៅគឺជាអាហារដ៏សាមញ្ញមួយសម្រាប់មនុស្សទូទៅ ដោយសារវាមានរសជាតិឆ្ងាញ់ តម្លៃទាប និងងាយស្រួលចម្អិនជាទីបំផុត។ យ៉ាងណាក្តី មីឆុងទឹកក្តៅអាចមិនមែនជាជម្រើសល្អសម្រាប់មនុស្សមួយចំនួននោះទេនៅក្នុងបរិបទដែលអាកាសធាតុកំពុងតែក្តៅខ្លាំង។ ដើម្បីឆ្លើយតបនឹងបញ្ហានេះ ប្រទេសជប៉ុនបានផលិតមីថ្មីមួយប្រភេទ ដែលអាចឆុងជាមួយនឹងទឹកត្រជាក់បាន និងមានរសជាតិឆ្ងាញ់មួយបែបផ្សេងពីមីឆុងទឹកក្តៅ។

យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែសីហាបានឱ្យដឹងថា មីឆុងទឹកត្រជាក់ដែលកំពុងផ្ទុះការពេញនិយមនៅក្នុងប្រទេសជប៉ុននោះគឺត្រូវបានផលិតដោយក្រុមហ៊ុន Nissin Foods Holdings ដោយមីនោះមានឈ្មោះជាភាសាអង់គ្លេសថា Cold Cup Noodle។ Cold Cup Noodle ឬមីកំប៉ុងឆុងទឹកត្រជាក់ ត្រូវបានដាក់លក់ក្នុងតម្លៃ ៣០៧ យេន (១,៩៣ដុល្លារ) ហើយដើម្បីអាចញាំវាបានគឺគេត្រូវការពេលប្រមាណជា ៥នាទីបន្ទាប់ពីឆុងរួច។ ប្រភពខាងលើបន្តថា Cold Cup Noodle កំពុងផ្ទុះការគាំទ្រយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនស្របពេលប្រទេសជប៉ុនកំពុងប្រឈមនឹងរលកកម្តៅយ៉ាងខ្លាំងនៅក្នុងរដូវក្តៅឆ្នាំនេះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time