មនុស្ស ៨នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះខ្នាតតូចមួយគ្រឿងនៅអាមេរិក
អាមេរិក៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៨នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះមួយគ្រឿងនៅសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែសីហា។ យន្តហោះបានធ្លាក់នៅម៉ោង ១២ និង ១៥នាទីថ្ងៃត្រង់ (ម៉ោងក្នុងតំបន់) និងបានធ្លាក់នៅក្នុងទីតាំងរ៉ាដាយោធាដាច់ស្រយាលមួយនៅភាគខាងលិចរដ្ឋអាឡាស្កា។

បើតាមរដ្ឋបាលអាកាសចរណ៍សហព័ន្ធបានឱ្យដឹងថា យន្តហោះដែលបានជួបគ្រោះថ្នាក់នោះ គឺជាយន្តហោះដឹកអ្នកដំណើរខ្នាតតូច ម៉ាក Cessna 441 និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឯកជន Security Aviation។ ប្រភពខាងលើបានបន្តថា យន្តហោះបានចេញដំណើរពីអាកាសយានដ្ឋានអន្តរជាតិ Anchorage និងមានទិសដៅធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Cape Newenham ដែលស្ថិតនៅក្នុងរដ្ឋអាឡាស្កា ហើយរហូតមកទល់នឹងពេលនេះគឺនៅមិនទាន់មានការបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់ និងអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time