កម្មវិធីទេសចរណ៍ភាពយន្តអន្តរជាតិមកដល់ខេត្តសៀមរាបបានជួយ ផ្សព្វផ្សាយគោលដៅទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោក
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្មវិធី «Race Across the World» ដែលមានសមាជិកចំនួន ៤២រូប បានមកដល់ខេត្តសៀមរាបហើយដើម្បីរៀបចំការថតកម្មវិធីនៅប្រាសាទតាព្រហ្ម នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកអំពី ការជ្រើសរើសប្រាសាទតាព្រហ្មជាទីតាំងថតកម្មវិធីនាពេលនេះ ក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញទៅកាន់ពិភពលោកនូវមន្តស្នេហ៍នៃតំបន់អង្គរ ដែលមានការរួមបញ្ចូលគ្នាយ៉ាងអស្ចារ្យរវាងស្ថាបត្យកម្មបុរាណ បេតិកភណ្ឌវប្បធម៌ និងធម្មជាតិដ៏ស្រស់ត្រកាល ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាពកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរ និងផលិតកម្មអន្តរជាតិ។
សូមបញ្ជាក់ថាកម្មវិធី«Race Across the World» គឺជាកម្មវិធីទូរទស្សន៍លំដាប់អន្តរជាតិដ៏ល្បីល្បាញ និងជាម្ចាស់ពានរង្វាន់ BAFTA ដែលមាន អ្នកទស្សនារាប់លាននាក់ក្នុងមួយភាគៗ ខណៈនៅចក្រភពអង់គ្លេស កម្មវិធីនេះត្រូវបានចាក់ផ្សាយតាម BBC និងទាក់ទាញអ្នកទស្សនាជាប្រចាំប្រមាណ ៧ លាននាក់ ដល់ជិត ៨ លាននាក់ក្នុងមួយភាគ ដែលធ្វើឱ្យវាក្លាយជាកម្មវិធីមួយក្នុងចំណោមកម្មវិធីដែលមានអ្នកទស្សនាច្រើនបំផុតនៅម៉ោងមាស។ គោលបំណងសំខាន់ៗនៃការមកកាន់ខេត្តសៀមរាប-អង្គរវត្តរបស់កម្មវិធីនេះគឺដើម្បី ជ្រើសរើសយកប្រាសាទបុរាណ ដូចជាប្រាសាទតាព្រហ្ម និងតំបន់ជុំវិញរមណីយដ្ឋានអង្គរធ្វើ ជាទីតាំងសម្រាប់កម្មវិធីទូរទស្សន៍និងថតខ្សែភាពយន្តអន្តរជាតិ។ ចំណែកឯផលប្រយោជន៍សំខាន់ៗនៃវត្តមានរបស់កម្មវិធីនេះគឺបានជួយ ផ្សព្វផ្សាយគោលដៅទេសចរណ៍ ជួយបង្ហាញពីប្រពៃណី ទំនៀមទម្លាប់ និងការរស់នៅរបស់សហគមន៍មូលដ្ឋាន ព្រមទាំងបាន ទាក់ទាញផលិតករភាពយន្តដែលជាពង្រឹងកិត្យានុភាពកម្ពុជាជាគោលដៅសុវត្ថិភាព និងទាក់ទាញសម្រាប់ការថតខ្សែភាពយន្តបរទេស៕

ប្រភព៖ ក្រសួងព័ត៌មាន