ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ថៃមិនអាចលាក់ភស្តុតាងបានឡើយ៖ អាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ

    BY hor nita August 24, 2026
    ថៃមិនអាចលាក់ភស្តុតាងបានឡើយ៖ អាស៊ាន អង្គការសហប្រជាជាតិ និងអន្តរជាតិកំពុងកត់ត្រាសកម្មភាពឈ្លានពានរបស់យោធាថៃ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា តាមរយៈសំណេរបង្ហោះលើបណ្ដាញសង្គម នាព្រឹកថ្ងៃទី២៤ ខែសីហានេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអះអាងថា ភស្តុតាងនៅលើដីមិនអាចលាក់បាំងបានឡើយ។ ទូកុងតឺន័រ របាំង លួសបន្លា និងសកម្មភាពផ្លាស់ប្តូរស្ថានភាពជាក់ស្តែងនៅតាមព្រំដែន ព្រមទាំងប្រជាពលរដ្ឋស៊ីវិលកម្ពុជាប្រមាណ ២០ ០០០នាក់ ក្នុងចំណោមជនភៀសសឹកសរុប ៦៥០ ០០០នាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន គឺជាអង្គហេតុដែលអាចមើលឃើញ កត់ត្រា និងផ្ទៀងផ្ទាត់បាន។

    សំខាន់ជាងនេះទៅទៀត អង្គហេតុនៃការរំលោភឈ្លានពានទាំងនេះ លែងស្ថិតនៅក្រោមក្រសែភ្នែករបស់ប្រជាជនកម្ពុជាតែម្នាក់ឯងទៀតហើយ។ អាស៊ាន តំណាងការទូតបរទេស អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិកំពុងតាមដានមើលយ៉ាងយកចិត្តទុកដាក់បំផុតលើសកម្មភាពនៃការរំលោភបំពានរបស់យោធាថៃទាំងក្នុងអំឡុងសង្គ្រាមឈ្លានពាន និងក្រោយបទឈប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

    ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (AOT-KH) ដឹកនាំដោយប្រធានបេសកកម្មពីសាធារណរដ្ឋហ្វីលីពីន បន្តពីប្រទេសម៉ាឡេស៊ី បានចុះដល់ទីតាំង សង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា–ថៃ។

    នៅតំបន់ច្រកបឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក AOT-KH បានពិនិត្យ ១៤ទីតាំង ដែលមានទូកុងតឺន័រ ៤៤ទូ ខណៈប្រជាពលរដ្ឋកម្ពុជាចំនួន ៧,៨៧៣នាក់ ស្មើនឹង ១,៨៦៩គ្រួសារ ក្នុងនោះមានកុមារ ១,៨៤៧នាក់ មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាន។

    នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ក្រុមអ្នកសង្កេតការណ៍បានពិនិត្យ ១០ទីតាំង ដែលមានទូកុងតឺន័រសរុប ៧២ទូ។ នៅពីក្រោយទូកុងតឺន័រទាំងនេះ គឺប្រជាពលរដ្ឋកម្ពុជាចំនួន ៥,៣៨៦នាក់ ស្មើនឹង ១,៤៤៩គ្រួសារ ក្នុងនោះមានកុមារ ១,៥៦៩នាក់ ដែលនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះរបស់ពួកគេបាន។

    ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់បន្ថែមថា បើបូកតួលេខទាំងនេះ ស្ថានភាពនៅទីតាំងទាំង ៣ នៅក្នុងខេត្តបន្ទាយមានជ័យតែមួយ ដែលបានរៀបរាប់ខាងលើពាក់ព័ន្ធនឹង ២៤ទីតាំង ទូកុងតឺន័រ ១១៦ទូ និងប្រជាពលរដ្ឋកម្ពុជាចំនួន ១៣,២៥៩នាក់ ស្មើនឹង ៣,៣១៨គ្រួសារ ក្នុងនោះមានកុមារ ៣,៤១៦នាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ។ នេះមិនទាន់រាប់ជនភៀសសឹក និងកុងតឺន័រ បន្លាលួសដែលយោធាថៃបានរំលោភបំពានមកលើអធិបតេយ្យភាព និងបូរណភាពដែនដីកម្ពុជានៅក្នុងខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ និងខេត្តពោធិ៍សាត់ផងទេ។

    នេះមិនមែនគ្រាន់តែជាតួលេខទេ។ ប៉ុន្តែនៅពីក្រោយទូកុងតឺន័រនីមួយៗ មានគ្រួសារដែលកំពុងរង់ចាំត្រឡប់ទៅផ្ទះរបស់ពួកគេវិញយ៉ាងអន្ទះសាបំផុត។ មានកុមារដែលត្រូវឃ្លាតពីលំនៅឋាន សាលារៀន និងសហគមន៍របស់ខ្លួន។ ដូច្នេះ ទូកុងតឺន័រទាំងនេះមិនមែនគ្រាន់តែជាវត្ថុដែលដាក់នៅលើដីប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយនៃស្ថានភាពជាក់ស្តែងដែលកំពុងរារាំងការវិលត្រឡប់របស់ប្រជាពលរដ្ឋស៊ីវិលកម្ពុជា ផ្ទុយពីសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ប្រការ ៤ បានបញ្ជាក់ថាភាគីទាំងពីរអនុញ្ញាតឱ្យជនភៀសសឹកត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ និងផ្ទុយពីគោលការណ៍ច្បាប់អន្តរជាតិ។

    កាន់តែសំខាន់ ភស្តុតាងទាំងនេះមិនត្រឹមតែត្រូវបានឃើញដោយ AOT-KH ប៉ុណ្ណោះទេ។ តំណាងការទូតបរទេសដែលបានចុះទៅតំបន់ព្រំដែនក៏បានឃើញដោយផ្ទាល់នូវស្ថានភាពនៅលើដី។ ដូចគ្នានេះ អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក Thomas Andrews ក្នុងដំណើរបំពេញបេសកកម្មរបស់លោក ក៏បានសង្កេតឃើញរបាំង ទូកុងតឺន័រ លួស និងការរារាំងការចូលទៅកាន់តំបន់មួយចំនួន ហើយបានលើកឡើងពីស្ថានភាពប្រជាពលរដ្ឋដែលនៅតែមិនអាចវិលត្រឡប់ទៅផ្ទះរបស់ខ្លួន។

    នេះជាចំណុចដែលមិនអាចមើលរំលងបាន៖ មានភ្នែកទីបីកំពុងមើល។ មានអ្នកសង្កេតការណ៍កំពុងផ្ទៀងផ្ទាត់។ មានតំណាងការទូតបានឃើញទីតាំងជាក់ស្តែង។ មានអ្នកជំនាញឯករាជ្យរបស់អង្គការសហប្រជាជាតិបានឃើញផលប៉ះពាល់លើប្រជាពលរដ្ឋ។

    ដូច្នេះ ការបដិសេធមិនអាចលុបអង្គហេតុបានឡើយ ហើយការបង្កើត fait accompli ក៏មិនអាចបង្កើតភាពស្របច្បាប់បានដែរ។

    ទូកុងតឺន័រមិនមែនជាបង្គោលព្រំដែន។ លួសបន្លាមិនមែនជាសន្ធិសញ្ញា។ លេណដ្ឋានមិនមែនជាផែនទីខណ្ឌសីមា។ ការដាក់ទង់ជាតិមិនមែនជាប័ណ្ណកម្មសិទ្ធិលើទឹកដី។ ហើយការកាន់កាប់ដោយកម្លាំងមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បានឡើយ។

    កម្ពុជាបន្តប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា–ថៃ ដោយផ្អែកលើសន្ធិសញ្ញា និងអនុសញ្ញាបារាំង–សៀម ពិធីសារកំណត់ព្រំដែន ផែនទី និងលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការព្រំដែនឥណ្ឌូចិន–សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ និងគោលការណ៍ច្បាប់អន្តរជាតិពាក់ព័ន្ធ។ កម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើកម្លាំង ឬការបង្កើតអង្គហេតុសម្រេចដោយឯកតោភាគីឡើយ។

    ផ្លូវដោះស្រាយគឺ JBC និងច្បាប់ មិនមែន fait accompli និងកម្លាំងយោធាឡើយ។ ការងារវាស់វែង និងខណ្ឌសីមាត្រូវអនុវត្តតាមយន្តការដែលភាគីទាំងពីរបានឯកភាព។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋស៊ីវិលត្រូវអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមការឯកភាពក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេស GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

    បទឈប់បាញ់មិនមែនជាអាជ្ញាបណ្ណសម្រាប់បង្កើតស្ថានភាពថ្មីនៅលើដីទេ។ សន្តិភាពមិនមែនគ្រាន់តែជាការស្ងប់ស្នូរកាំភ្លើងទេ; សន្តិភាពត្រូវមានន័យថា ប្រជាពលរដ្ឋអាចត្រឡប់ទៅផ្ទះរបស់ពួកគេបាន។

    ថ្ងៃនេះ ស្ថានភាពនៅព្រំដែនកម្ពុជា–ថៃលែងអាចកើតឡើងក្នុងភាពងងឹតបានទៀតហើយ។ អាស៊ានកំពុងមើល។ តំណាងការទូតបានឃើញ។ អង្គការសហប្រជាជាតិកំពុងតាមដាន។ សហគមន៍អន្តរជាតិកំពុងសម្លឹងមើល។

    ការប្រើកម្លាំងអាចបង្កើតការគ្រប់គ្រងជាក់ស្តែងមួយរយៈ ប៉ុន្តែមិនអាចបង្កើតអធិបតេយ្យភាពស្របច្បាប់បាន។ ទូកុងតឺន័រអាចរារាំងផ្លូវទៅផ្ទះ ប៉ុន្តែមិនអាចរារាំងការពិតបាន។ លួសបន្លាអាចបិទផ្លូវប្រជាពលរដ្ឋ ប៉ុន្តែមិនអាចបិទក្រសែភ្នែករបស់ពិភពលោកបានឡើយ។

    បើតាម ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថៃមិនអាចលាក់ភស្តុតាងដែលកំពុងស្ថិតក្រោមក្រសែភ្នែកអាស៊ាន អង្គការសហប្រជាជាតិ តំណាងការទូត និងសហគមន៍អន្តរជាតិបានឡើយ។ អង្គហេតុកំពុងត្រូវបានកត់ត្រា ភស្តុតាងកំពុងត្រូវបានផ្ទៀងផ្ទាត់ ហើយផលប៉ះពាល់លើប្រជាពលរដ្ឋកម្ពុជាកំពុងត្រូវបានមើលឃើញដោយផ្ទាល់។ កម្លាំងអាចបង្កើត fait accompli មួយរយៈ ប៉ុន្តែមិនអាចបម្លែងការកាន់កាប់ទៅជាអធិបតេយ្យភាពស្របច្បាប់បានឡើយ។ នៅទីបញ្ចប់ អង្គហេតុ ច្បាប់ និងភស្តុតាងនៅលើដីនឹងនិយាយដោយខ្លួនឯង៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post:
    MPO4D jitutoto mpo4d Mpoplay