ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា វិស័យឯកជនបានចូលរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិ ដែលមិនអាចខ្វះបាន
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា វិស័យឯកជនបានចូលរួមចំណែកជំរុញកំណើន សេដ្ឋកិច្ចជាតិដែលមិនអាចខ្វះបាន ជាពិសេសការបង្កើតនូវឱកាសការងារសម្រាប់ប្រជាពលរដ្ឋ។

ក្នុងឱកាសអញ្ជើញចុះបំពេញទស្សនកិច្ចផ្ទាល់នៅរោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ មានទីតាំងស្ថិតនៅ ក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ខេត្តកំពត ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធាន ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានកោតសរសើរ ចំពោះក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ខ្ពស់ លើការគ្រប់គ្រងផលប៉ះពាល់ និងការគិតគូរដល់ចីរភាពបរិស្ថានជុំវិញ។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារៈសំខាន់របស់វិស័យឯកជនក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិដែលមិនអាចខ្វះបាន ជាពិសេសការបង្កើតនូវឱកាសការងារសម្រាប់ ប្រជាពលរដ្ឋ។ ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលនៅតែបន្តយកចិត្តទុកខ្ពស់ ក្នុងនាមជាអ្នកសម្របសម្រួលតាមរយៈយន្តការនានា ដែលបានដាក់ចេញ ដើម្បីធ្វើឱ្យបរិយាកាសវិនិយោគកាន់តែមានភាពរស់រវើក ដែលមិនត្រឹមតែជាការ ទាក់ទាញទុនវិនិយោគថ្មីបន្ថែមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការគាំទ្រការវិនិយោគដែលមានស្រាប់ សំដៅធ្វើឱ្យ ប្រតិបត្តិការអាជីវកម្មរបស់ពួកគេអាចបន្តរីកចម្រើន និងជំរុញដល់ការពង្រីកទុនវិនិយោគបន្ថែមផង ដែរ។
ក្នុងដំណើរទស្សនកិច្ចនាឱកាសនោះដែរ គឺជាសក្ខីកម្មស្តែងឱ្យឃើញយ៉ាងច្បាស់ពីសេវាថែទាំ និង ការគាំទ្រវិនិយោគយ៉ាងជិតស្និទ្ធរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ព្រមទាំងជាការបញ្ជាក់ដែរថា រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ កំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើ ពិពិធកម្មសេដ្ឋកិច្ចជាតិ ឱ្យមានសន្ទុះរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន ។
សូមជម្រាបថា រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ គឺជាបុត្រសម្ព័ន្ធដ៏រឹងមាំមួយរបស់សម្ព័ន្ធ ជីប ម៉ុង (Chip Mong Group) ដែលជាសមាសភាពធុរកិច្ចដ៏មានឥទ្ធិពល មានវត្តមាននិងបានកសាងទំនុកចិត្ត យ៉ាងរឹងមាំនៅលើទីផ្សារកម្ពុជាអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ ដោយរោងចក្រមួយនេះ ត្រូវបានទទួលស្គាល់ថាជាមូលដ្ឋានផលិតកម្មស៊ីម៉ងត៍ដ៏ធំ និងទំនើបមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងចូលរួមបម្រើវិស័យវិស្វកម្មសំណង់យ៉ាងសកម្ម។ តាមរយៈសមត្ថភាពផលិតកម្មដ៏ធំធេង និងប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតខ្ពស់ ស្របតាមបទដ្ឋាន អន្តរជាតិ រោងចក្រកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយ ការនាំចូលពីបរទេស និងរួមចំណែកយ៉ាងធំធេងក្នុងការរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅកម្ពុជាឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស៕



ប្រភព៖ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា