ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថាបត្យករខ្មែរជំនាន់ថ្មីជាង ៦០០ នាក់ ចូលរួមប្រកួតប្រជែងស្នាដៃរចនាថ្មី បង្ហាញពីអនាគតនៃវិស័យកីឡាជិះសេះនៅកម្ពុជា

    BY hor nita August 26, 2026
    ស្ថាបត្យករខ្មែរជំនាន់ថ្មីជាង ៦០០ នាក់ ចូលរួមប្រកួតប្រជែងស្នាដៃរចនាថ្មី បង្ហាញពីអនាគតនៃវិស័យកីឡាជិះសេះនៅកម្ពុជា

    (ភ្នំពេញ)៖ ការប្រកួតរចនាស្ថាបត្យកម្ម “Heritage Through Equestrian Design Architecture Competition” ដែលបានផ្ដួចផ្ដើមគំនិតរៀបចំដោយ ក្រុមហ៊ុន ជីប ម៉ុង និង LAY GREEN ក្រោមការសហការជាមួយសមាគមស្ថាបត្យករខ្មែរ បានចាប់ផ្តើមជាផ្លូវការ តាមរយៈកម្មវិធីតម្រង់ទិស ដើម្បីឱ្យអ្នកចូលរួមស្វែងយល់ពីគោលគំនិត លក្ខខណ្ឌ និងទិសដៅនៃការរចនា Cambodian Equestrian & Country Club (CECC)។

    ក្នុងនាមជាស្ថាបនិក និងជានាយិកាប្រតិបត្តិនៃ CECC លោកស្រី ស៊ុន សីមូនី បានបង្ហាញថា CECC មិនត្រឹមតែជាទីតាំងសម្រាប់ហ្វឹកហាត់ និងប្រកួតប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកន្លែងសម្រាប់អភិវឌ្ឍកីឡាករ គ្រូបង្វឹក មន្ត្រីបច្ចេកទេស អ្នកថែទាំសេះ និងអ្នកជំនាញផ្សេងៗ ដើម្បីជំរុញវិស័យកីឡាជិះសេះនៅកម្ពុជា។ ទន្ទឹមនឹងនេះ CECC ក៏មានទម្រង់ជា “Country Club” ដែលបើកទូលាយសម្រាប់ក្រុមគ្រួសារ និងសាធារណជនមកសម្រាកកម្សាន្ត និងស្វែងយល់ពីកីឡាជិះសេះ ដើម្បីឱ្យកីឡាមួយនេះ ត្រូវបានស្គាល់កាន់តែទូលំទូលាយនៅកម្ពុជា។

    តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រក្នុងដំណើរការប្រកួតទាំងមូល ជីប ម៉ុង និង LAY GREEN បានបង្កើតឱកាសដ៏ពិសេសមួយដល់ស្ថាបត្យករជំនាន់ថ្មី ក្នុងការរំលេចពីវប្បធម៌អរិយធម៌ខ្មែរលើសំណង់បែបទំនើបនាពេលអនាគត។ ជាក់ស្តែង ការប្រកួតនេះផ្ទាល់ទទួលបានការចុះឈ្មោះជាង ២០០ ក្រុម និងអ្នកចូលរួមជាង ៦០០ នាក់ ដែលនឹងត្រូវប្រកួតប្រជែងសមត្ថភាពរចនាស្ថាបត្យកម្មដ៏ទំនើបមួយ ដែលអាចជំរុញវិស័យកីឡាជិះសេះកម្ពុជានាពេលខាងមុខ។ គួរបញ្ជាក់ផងដែរថា បេក្ខជនគ្រប់រូបនឹង ចាប់ផ្តើមអភិវឌ្ឍប្លង់របស់ខ្លួនចាប់ពីពេលនេះតទៅ ដើម្បីត្រៀមឆ្លងកាត់ការវាយតម្លៃជាបន្តបន្ទាប់ ជម្រុះរហូតដល់ Top 10 មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ ដើម្បីស្វែងរក ជ័យលាភី Top 3 នៃការប្រកួត។

    លើសពីឱកាសបង្ហាញសមត្ថភាព និងគំនិតច្នៃប្រឌិត បេក្ខជនក៏មានឱកាសប្រកួតប្រជែងដណ្តើមប្រាក់រង្វាន់សរុប ១១,០០០ ដុល្លារអាមេរិក ដែលរួមមាន ជ័យលាភីលេខ១ ទទួលបាន ៥,០០០ ដុល្លារអាមេរិក ជ័យលាភីលេខ២ ទទួលបាន ៣,០០០ ដុល្លារអាមេរិក ជ័យលាភីលេខ៣ ទទួលបាន ២,០០០ ដុល្លារអាមេរិក និងរង្វាន់ប្រជាប្រិយភាព ១,០០០ ដុល្លារអាមេរិក សម្រាប់ស្នាដៃដែលលេចធ្លោ និងទទួលបានការគាំទ្រច្រើនជាងគេពីមហាជន។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay