សាច់បង្កកខុសច្បាប់ និងខូចគុណភាពប្រមាណជិត ១០តោន នឹងត្រូវដុ-តកម្ទេចចោល
(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៦ តាមការចុះផ្សាយពី ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ កម្លាំងមន្ត្រីគយសហការជាមួយ សមត្ថកិច្ចជំនាញ ដឹកដោយលោកនូស៊ីថាប្រធាននាយកដ្ឋានបង្កាបង្ក្រាបបទល្មើសរត់ពន្ធតំណាងឯកឧត្តមបណ្ឌិតគុណញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋ មន្ត្រីប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានធ្វើការដុតកម្ទេចចោលនូវសាច់បង្កក ខូច គុណភាពប្រមាណ១០តោន ដែលឈ្មួញបានលួចបង្កប់ និងនាំចូលដោយខុសច្បាប់។

សាច់បង្កកខូចគុណភាពខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចគយនៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសរបស់ អគរ សហការជាមួយសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថធ្វើការបង្ក្រាបបានក្នុងពេលដែលឈ្មួញបានលួចនាំចូលខុសច្បាប់នាពេលកន្លងមកនេះ។ គួរបញ្ជាក់ផងដែរថា ក្នុងខែសីហា ឆ្នាំ២០២៦នេះ សាច់បង្កក រួមមាន សាច់ក្របី ភ្លៅមាន់ ស្លាបមាន់ ជើងជ្រូក ត្រចៀកជ្រូក ពោះជ្រូក ស្បែកជ្រូក ប្រហិតក្តាម ប្រហិតមឹក ត្រីសាលម៉ុន ពងត្រីនីស៊ីន កោះមាន់ និង ប្រភេទសាច់បង្កកផ្សេងទៀត មានទម្ងន់សរុបប្រមាណ ២០ ០៨១,២០ គក្រ ត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ហៅកាត់ថា កបប) បញ្ជាក់ថាខូចគុណភាព បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច និង បានធ្វើការដុតកម្ទេច លើកទី១ទម្ងន់ ១០ ៤២៥ គក្រ និង លើកទី២ (ថ្ងៃនេះ) ទម្ងន់ ៩ ៦៥៦,២០ គក្រ ។
សូមជម្រាបជូនសាធារណជនផងដែរថា ដើម្បីពង្រឹងអនុលោមភាពនិងការអនុវត្តច្បាប់ ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និង កិច្ចការពារសុខសុវត្ថិភាពសង្គម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការស្រាវជ្រាវ និងទប់ស្កាត់ ព្រមទាំងបង្ក្រាបបានជា បន្តបន្ទាប់នូវទំនិញគេចពន្ធ ទំនិញក្លែងក្លាយ ទំនិញរំលោភកម្មសិទ្ធិបញ្ញា ទំនិញរំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ព្រមទាំងទំនិញល្មើសច្បាប់មួយ ចំនួនទៀត ដូចជា គ្រឿងញៀន និងសំណាក ឬបំណែកសត្វព្រៃ ផងដែរ៕





ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក