ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចប្រធានរដ្ឋសភានិង ប្រធានរដ្ឋសភាទីម័រឡេស្តេ ចែករំលែកបទពិសោធន៍ជាមួយគ្នា ពីបញ្ហាសង្គ្រាមមិន អាចបញ្ចប់ដោយសង្គ្រាមនោះឡើយ

    BY hor nita August 28, 2026
    សម្តេចប្រធានរដ្ឋសភានិង ប្រធានរដ្ឋសភាទីម័រឡេស្តេ ចែករំលែកបទពិសោធន៍ជាមួយគ្នា ពីបញ្ហាសង្គ្រាមមិន អាចបញ្ចប់ដោយសង្គ្រាមនោះឡើយ

    (រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ នេះ តាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៦ បានជួបពិភាក្សា ការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វីណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅអគារ អគ្គនាយកដ្ឋានពន្ធដារ ក្នុងសង្កាត់ជ្រោយចង្វារ ក្នុងឱកាសដែលលោកជំទាវ អញ្ជើញចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

    ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធាន ISC-2 និងក្នុងនាមសម្តេចផ្ទាល់ ចាត់ទុកវត្តមានរបស់គណៈប្រតិភូរដ្ឋសភាទីម័រឡេស្តេ នៅក្នុងវេទិកាសភា ISC លើកទី២ ពិតជាមានសារៈសំខាន់ខ្លាំង និងជាសក្ខីភាពឆ្លុះបញ្ចាំងពីស្មារតីមិត្តភាព សាមគ្គីភាព និងឆន្ទៈរួមនៃប្រទេសទាំងពីរក្នុង ការបន្តពង្រឹងពូនជ្រំកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ព្រមទាំងជំរុញការផ្លាស់ប្តូរទស្សនៈ និងបទពិសោធន៍លើបញ្ហាតំបន់ និងសកលលោក។ សម្តេចបានកត់សម្គាល់ថា ទីម័រឡេស្តេ ជាមិត្តចាស់និងស្មោះត្រង់របស់កម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានពូនជ្រំទំនាក់ទំនងដ៏ល្អនៃប្រទេសទាំងពីរ និងការគាំទ្រ ព្រមទាំងជ្រោមជ្រែងក្នុងការឱ្យទីម័រឡេស្តេ ក្លាយជាសមាជិកទី១១ របស់អាស៊ាន ក៏ដូចជាសមាជិកអន្តរសភាអាស៊ាន (AIPA) ផងដែរ។ សម្តេចតេជោ ធ្លាប់បានអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសទីម័រឡេស្តេ ហើយទទួលបានការស្វាគមន៍ គោរពស្រឡាញ់ដ៏ជ្រាលជ្រៅពី ថ្នាក់ដឹកនាំនិងប្រជាជនទីម័រឡេស្តេ។នៅក្នុងឱកាសនោះ ទីម័រឡេស្តេ បានប្រគល់ជូននូវមេដាយថ្នាក់ខ្ពស់បំផុត របស់សាធារណរដ្ឋទីម័រឡេស្តេ ជូនសម្តេច តេជោហ៊ុន សែន ថែមទៀតផង។

    លោកជំទាវ ម៉ារៀ ហ្វីណាន់ដា ឡៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួល ស្វាគមន៍និងជួបពិភាក្សាការងារជាមួយលោកជំទាវនិង គណៈប្រតិភូនៅក្នុងឱកាសនេះ។ ទីម័រឡេស្តេ វាយតម្លៃខ្ពស់ចំពោះការរៀបចំ សន្និសីទ ISC លើកទី២ របស់សភាកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវ បង្ហាញនូវការពេញចិត្តនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភា និងជាប្រធានសន្និសីទ ISC លើកទី២ ដែលបានថ្លែងសុន្ទរកថាប្រកបដោយអត្ថន័យ និងជាក់ស្តែង ក្នុងឱកាសបើកសន្និសីទ។

    លោកជំទាវ បានគូសបញ្ជាក់ថា ទីម័រឡេស្តេ ជាប្រទេសមួយដែលឆ្លងកាត់សង្គ្រាមដូចជាកម្ពុជាដែរ។ សង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាមនោះទេ មានតែការចរចាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្គ្រាមបាន។ ក្នុងនាមជាសមាជិកអាស៊ានថ្មីមួយ លោកជំទាវប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទីម័រឡេស្តេ បាននិងរៀនសូត្រជាច្រើនទៀតពីកម្ពុជា។

    សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី បានគាំទ្រការលើកឡើងរបស់លោកជំទាវ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ សម្តេចបានគូសបញ្ជាក់ថា នៅក្នុង ការឆ្លើយតបសង្គ្រាមឈ្លានពានពីប្រទេសថៃ កម្ពុជាប្រកាន់នូវការអត់ធ្មត់ គោរពច្បាប់អន្តរជាតិ និងព្យាយាមដោះស្រាយដោយសន្តិវិធី តាមយន្តការដែល មានស្រាប់។ ប៉ុន្តែភាគីម្ខាងទៀត ឈ្លានពាននិងរំលោភកិច្ចព្រមព្រៀងជាបន្តបន្ទាប់ រហូតឈានដល់ការគ្រប់គ្រងដោយខុសច្បាប់លើដែនអធិបតេយ្យភាព កម្ពុជា ធ្វើឱ្យពលរដ្ឋភៀសសឹកជាច្រើនមិនអាចវិលទៅលំនៅដ្ឋានវិញបានរហូតមកដល់ពេលនេះ។ មិនតែប៉ុណ្ណោះ ថៃថែមទាំងបានលុបចោលជាឯកតោ ភាគីនូវកិច្ចព្រមព្រៀងឆ្នាំ២០០១ ស្តីពីដែនសមុទ្រត្រួតស៊ីគ្នា បង្ខំឱ្យកម្ពុជា ជ្រើសយក «យន្តការផ្សះផ្សាដោយបង្គំ» ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីដោះស្រាយជម្លោះព្រំដែនសមុទ្រ។

    កម្ពុជាបានគាំទ្រ លោកជំទាវ កាទ្រីណា រូបពី (Katrina Cooper) ដែលជាអ្នកការទូត និងជាអ្នកជំនាញច្បាប់អូស្ត្រាលីដ៏ល្បីឈ្មោះមួយរូប ធ្លាប់ធ្វើជា ប្រធានគណៈកម្មាធិការសម្របសម្រួល រវាងទីម័រឡេស្តេ និងអូស្ត្រាលី មកធ្វើជាប្រធានគណៈកម្មាធិការសម្របសម្រួល ក្នុងការដោះស្រាយដែនសមុទ្រ ត្រួតស៊ីគ្នាជាមួយភាគីថៃ តាមយន្តការ UNCLOS នេះដែរ។

    សម្តេចរដ្ឋសភាធិបតី និងលោកជំទាវ ប្រធានរដ្ឋសភាទីម័រឡេស្តេ បានយល់ស្របដូចគ្នាពីសារៈសំខាន់ដែលសមាជិកអាស៊ានត្រូវគោរពនូវមជ្ឈមភាព អាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យតំបន់មួយនេះ ក្លាយជាសហគមន៍មួយ មានសុខសន្តិភាព ធានាបាននូវវិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្រៅពីតម្លៃសន្តិភាព ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ ក៏បានចែករំលែកបទពិសោធន៍ការងារសមភាពយេនឌ័រ ផងដែរ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

    Share This Post:
    MPO4D jitutoto mpo4d Mpoplay