រដ្ឋាភិបាលនេប៉ាល់ស្នើឱ្យ Meta និង TikTok លុបរូបភាព មូលធិនិក្លែងក្លាយ និងព័ត៌មានមិនពិតនៃគ្រោះមហន្តរាយទឹកជំនន់ចេញពីបណ្តាញសង្គម
នេប៉ាល់៖ រដ្ឋាភិបាលនៃប្រទេសនេប៉ាល់បានស្នើសុំឱ្យក្រុមហ៊ុន Mata និង TikTok លុបរូបភាព វីដេអូ និងព័ត៌មានក្លែងក្លាយមួយចំនួនទាក់ទងនឹងគ្រោះមហន្តរាយទឹកជំនន់ចេញពីបណ្តាញសង្គមជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២៩ ខែសីហា។ រូបភាព និងវីដេអូក្លែងក្លាយមួយចំនួននោះគឺត្រូវបានបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិត (AI) ក្នុងគោលបំណងទាញយកផលប្រយោជន៍ផ្សេងៗពីក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមនៅជុំវិញពិភពលោក។

បន្ថែមពីនេះទៀត ក៏មានជនខិលខូចមួយចំនួនបានបង្កើតមូលធិនិក្លែងក្លាយ និងបង្ហោះរូបភាព QR Code ដើម្បីប្រមូលលុយយកទៅជួយជនរងគ្រោះ តែតាមការពិតពួកគេគ្រាន់តែជាជនឆ្លៀតឱកាសប៉ុណ្ណោះ។ បើតាមលោក Bijay Kumar Roy ដែលជាអ្នកសម្របសម្រួលក្រុមការងារបទប្បញ្ញត្តិ និងគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់រដ្ឋាភិបាលនេប៉ាល់បានបញ្ជាក់ថា រូបភាពនិងព័ត៌មានក្លែងក្លាយខាងលើនេះបានបង្កឱ្យមានផលប៉ះពាល់ជាច្រើនដូចជា បំភាន់សាធារណជន រារាំងកិច្ចខិតខំប្រឹងប្រែងសង្គ្រោះរបស់អាជ្ញាធរ ឬបង្កឱ្យមានទុក្ខព្រួយបន្ថែមទៀតដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time