ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានចុះណែនាំ និងពិនិត្យលើទីផ្សារដែលមានលក់ប្រភេទអាវយឺតពាក្យ «ចាញ់ជាព្រះ ឈ្នះជាអញ» ក្រោយក្រសួងវប្បធម៌ ឱ្យបញ្ឈប់ការលក់អាវយឺតប្រភេទនេះ
(ខេត្តកំពង់ស្ពឺ)៖ កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៦ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះណែនាំ និងពិនិត្យលើទីផ្សារដែលមានលក់ប្រភេទអាវយឺតពាក្យ «ចាញ់ជាព្រះ ឈ្នះជាអញ» ក្រោយក្រសួងវប្បធម៌ ឱ្យបញ្ឈប់ការលក់អាវយឺតប្រភេទនេះ។

ក្នុងនោះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់បន្ថែមថា ដោយបានការណែនាំពីឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ បានបញ្ជាឱ្យកំលាំងនគរបាលផែនការងារសន្ដិសុខចុះស្រាវជ្រាវបន្ទាន់ ដោយសហការចុះណែនាំ និងពិនិត្យស្រាវជ្រាវលើទីផ្សារលក់ទំនិញប្រភេទអាវយឺតដែលមានពាក្យថា «ធ្វើល្អបានអាចម៍» «ចាញ់ជាព្រះ ឈ្នះជាអញ» «ជេរអញ អញជេរវិញ» និងពាក្យអសុរសដទៃទៀត។
បើតាមការផ្សាយរបស់ក្រសួងវប្បធម៌ ក្រោយពិនិត្យឃើញមានការតាំងលក់អាវយឺត ដែលរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរោះ នាថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០២៦ កន្លងទៅ ក្រុមការងារដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងផែនការងារសន្ដិសុខ ខេត្ដកំពង់ស្ពឺ សហការជាមួយកំលាំងរដ្ឋបាលក្រុងច្បារមន អធិការដ្ឋាននគរបាលក្រុងច្បារមន និងប៉ុស្ដិ៍នគរបាលរដ្ឋបាលរកាធំ អ្នកគ្រប់គ្រងផ្សាកំពង់ស្ពឺ បានចុះទៅធ្វើការអប់រំណែនាំ និងបានអញ្ជើញម្ចាស់ទំនិញលក់ផលិតផលអាវយឺតឈ្មោះ ហៀង បញ្ញា ជាម្ចាស់ទំនិញអាវយឺតដែលបានផុសលក់តាមបណ្ដាញសង្គម មានផេកឈ្មោះ Sy Noth មកធ្វើការណែនាំកិច្ចសន្យាបញ្ឈប់ការតាំងបង្ហាញ និងលក់ដូរសំលៀកបំពាក់ដែលមានរំលេចនូវខ្លឹមសារគ្រោតគ្រាត មិនសមរម្យ អសុរស ទាំងនេះ ដែលជាទង្វើអសីលធម៌នៅក្នុងសង្គម ដោយសមត្ងកិច្ចរកឃើញអាវយឺតនៅសល់ប្រមាណ ១៥អាវ រីឯអាវយឺតមួយចំនួនបានលក់បន្ដឱ្យទៅអ្នកយកទៅលក់បន្ដទៀត និងអ្នកប្រើផ្ទាល់ផងដែរ។ ជាការសំណូមពរស្នើសុំដល់បងប្អូនអាជីវករនិងអ្នកទិញយកទៅប្រើផ្ទាល់មេត្ដាកុំបន្ដលក់ទៅអ្នកផ្សេងទៀតចំពោះអ្នកទិញយកទៅគួរតែកុំប្រើប្រាស់បន្ដ៕



ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ