ចិនដាក់ទណ្ឌកម្មមនុស្ស ១០នាក់ ដែលចែកចាយព័ត៌មានមិនពិតអំពីគ្រោះមហន្តរាយនៅនេប៉ាល់ ខណៈពួកគេត្រូវប្រឈមនឹងការឃុំខ្លួន ១០ថ្ងៃ និងពិន័យជិត ១៥០ដុល្លារ
ចិន៖ អាជ្ញាធរចិនសម្រេចដាក់ទណ្ឌកម្មមនុស្សចំនួន ១០នាក់ ដែលបានចែកចាយព័ត៌មានក្លែងក្លាយអំពីគ្រោះមហន្តរាយទឹកជំនន់ និងបំណាក់ដីដ៏មហិមានៅក្នុងប្រទេសនេប៉ាល់និងតំបន់ទីបេ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី៣១ ខែសីហា។ បន្ថែមពីការដាក់ទណ្ឌកម្ម ស្ថានទូតចិនប្រចាំប្រទេសនេប៉ាល់ក៏បានចេញមកបដិសេធជាសាធារណៈថា ព័ត៌មានដែលបានចែកចាយតាមបណ្តាញសង្គមទាំងនោះគឺជាព័ត៌មានមិនពិតផងដែរ។

ប្រភពខាងលើបានបន្តថា ព័ត៌មានក្លែងក្លាយដែលក្រុមមនុស្សទាំង ១០នាក់ខាងលើបានចែកចាយនោះមានដូចជា ការបំប៉ោងតួលេខជនរងគ្រោះ ការចោទប្រកាន់អាជ្ញាធរមិនបានជូនសេចក្តីព្រមានអំពីលទ្ធភាពនៃការកើតមានគ្រោះមហន្តរាយ និងការប្រឌិតមូលហេតុផ្សេងៗដែលបង្កឱ្យមានគ្រោះមហន្តរាយជាដើម។ រហូតមកទល់ពេលនេះអាជ្ញាធរចិននៅមិនទាន់បញ្ជាក់អំពីទណ្ឌកម្មជាក់លាក់ដែលត្រូវអនុវត្តនៅឡើយទេ តែបើយោងទៅតាមច្បាប់ថ្មីរបស់ប្រទេសចិន មនុស្សទាំង ១០នាក់នេះអាចប្រឈមនឹងការឃុំខ្លួនរយៈពេល ១០ថ្ងៃ និងពិន័យជាប្រាក់ម្នាក់ៗចំនួន ១,០០០យ័ន (១៤៩ដុល្លារ)៕

អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia