អាជ្ញាធរឥណ្ឌាកំពុងជម្រុញយុទ្ធនាការបង្ក្រាបទីតាំងលក់អាហារគ្មានអនាម័យ ក្រោយផ្ទុះការរិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម
ឥណ្ឌា៖ យុទ្ធនាការបង្ក្រាបទីតាំងលក់អាហារគ្មានអនាម័យនៅក្នុងប្រទេសឥណ្ឌា កំពុងទទួលបានការគាំទ្រ និងការសាទរយ៉ាងខ្លាំងពីសំណាក់មហាជននៅតាមបណ្តាញសង្គម នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២ ខែសីហា។ យុទ្ធនាការពិសេសនេះត្រូវបានដាក់ចេញដោយរដ្ឋាភិបាលឥណ្ឌាកាលពីពេលថ្មីៗនេះ និងកំពុងត្រូវបានអនុវត្តយ៉ាងសកម្មបំផុតពីណាក់អាជ្ញាធរថ្នាក់កណ្តាល និងស្ថាប័នគ្រប់គ្រងនានានៅទូទាំងប្រទេសឥណ្ឌា។

ប្រភពខាងលើបានបន្តថា ការសម្រេចអនុវត្តយុទ្ធនាការបង្ក្រាបទីតាំងលក់អាហារគ្មានអនាម័យត្រូវបានធ្វើឡើងក្រោយក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសឥណ្ឌា និងជាពិសេសនោះគឺក្រុមអ្នកបង្កើតមាតិកាអំពីចំណីអាហារនាំគ្នារិះគន់យ៉ាងខ្លាំងអំពីកម្រិតអនាម័យនៅតាមទីតាំងលក់អាហារជាច្រើននៅទូទាំងប្រទេសឥណ្ឌា។ បើតាមអាជ្ញាធរឥណ្ឌាបានឱ្យដឹងថា រលកនៃការរិះគន់នេះបានកើតមានជាច្រើនឆ្នាំមកហើយ ខណៈបញ្ហានេះក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារលក់ចំណីអាហារនៅក្នុងប្រទេសឥណ្ឌា ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ៥៦ពាន់លានដុល្លារផងដែរ។ ប្រភពខាងលើបានបន្តថា ក្នុងការអនុវត្តយុទ្ធនាការនេះគឺអាជ្ញាធរជំនាញផ្នែកចំណីអាហារនឹងចុះទៅត្រួតពិនិត្យនៅតាមហាងអាហារ ភោជនីយដ្ឋាន សណ្ឋាគារ ឃ្លាំង និងអាជីវកម្មម្ហូបអាហារនានា ហើយនៅក្នុងពេលត្រួតពិនិត្យកាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញបានរកឃើញបញ្ហាធ្ងន់ធ្ងរមួយចំនួនដូចជា បញ្ហាមានសត្វរុយ កណ្តុរ និងកន្លាត គ្រឿងផ្សំផុតកំណត់ប្រើប្រាស់ ឬក្លែងក្លាយ និងការរក្សាទុកអាហារមិនត្រឹមត្រូវជាដើម៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time