ដំណឹងល្អ! ឱកាសការងារជាង ៣៥ ០០០កន្លែង ពីបណ្តាក្រុមហ៊ុនធំៗ ចំនួន១៥០ នឹងជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅពិព័រណ៍ជាតិការងារ និងផលិតភាពជាតិឆ្នាំ ២០២៦
(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយពី ទីភ្នាក់ងារជាតិមុខរបរ និងការងារ កាលពីថ្មីៗនេះ បានឱ្យដឹងថា ការងារជាង ៣៥ ០០០កន្លែង ពីបណ្តាក្រុមហ៊ុនធំៗ ចំនួន១៥០ នឹងចូលរួមតាំងបង្ហាញឱកាសការងារ និងជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅពិព័រណ៍ជាតិការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦ នៅថ្ងៃទី ១២ និងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះ។

ក្នុងនោះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបញ្ជាក់បន្ថែមថា កាលពីព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៦ ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំកម្មវិធី សន្និសីទសារព័ត៌មានស្តីពី ពិព័រណ៍ជាតិការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦ ដោយមានការចូលរួមសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា និងទទួលបានការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) ព្រមទាំងដៃគូពាក់ព័ន្ធជាច្រើនទៀត។
ចំពោះពិព័រណ៍ជាតិការងារ និងផលិតភាពជាតិឆ្នាំ២០២៦ នេះ មានការចូលរួមពីសំណាក់សហគ្រាស ក្រុមហ៊ុន រោងចក្រ និងក្រសួង ស្ថាប័ន ចំនួនប្រមាណ ១៥០ ដែលនឹងដាក់តាំងបង្ហាញពីឱកាសការងារយ៉ាងច្រើនសំបូរបែប ដែលនឹងផ្តល់ឱកាសការងាររហូតដល់ជាង ៣ ៥០០០កន្លែង ដោយក្រសួងរំពឹងថានឹងមានអ្នកចូលរួមប្រមាណជាង ៥ ម៉ឺននាក់ និងផ្តល់ឱកាសដ៏ល្អសម្រាប់យុវជនទៅស្វែងរកការងារ និងស្វែងយល់ពីតម្រូវការជំនាញក្នុងទីផ្សារការងារបច្ចុប្បន្ន។ ក្នុងកម្មវិធីក៏មានការចែករំលែកចំណេះដឹងស្តីពីការបង្កើនផលិតភាពការងារ ដោយមានការចូលរួមពីសំណាក់វាគ្មិនដែលមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំផងដែរ។
គួរបញ្ជាក់ផងដែរថា ពិព័រណ៍ជាតិការងារ និងផលិតភាពជាតិ ឆ្នាំ២០២៦ ក៏នឹងត្រូវរៀបចំតាមប្រព័ន្ធអនឡាញផងដែរ ដែលអ្នកស្វែងរកការងារធ្វើនៅទូទាំងប្រទេស អាចដាក់ពាក្យស្វែងរកការងារធ្វើតាមប្រព័ន្ធអនឡាញបានតាមរយៈ គេហទំព័រពិព័រណ៌ការងារ careerfair.nea.gov.kh
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ ០១៧ ៤៦៧ ៤២៣/ ០១៧ ៨៧១ ៨០៧ ឬ Hotline ១២៩៧៕



ប្រភព៖ National Employment Agency