វិស័យអប់រំសាធារណរដ្ឋកូរ៉េ គ្រោងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិត ដែលមានជីវភាពខ្វះខាត
(រាជធានីភ្នំពេញ)៖ យោងទៅតាមការចុះផ្សាយពី ក្រសួងព័ត៌មាន កាលពីនៅព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៦ បានឱ្យដឹងថា វិស័យអប់រំសាធារណរដ្ឋកូរ៉េ គ្រោងបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិត ដែលមានជីវភាពខ្វះខាត។ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត JUN Yongwook សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Cheju Halla University នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល។

សាកលវិទ្យាល័យ Cheju Halla ជាសាកលវិទ្យាល័យឯកជនបង្កើតឡើងក្នុងឆ្នាំ ១៩៦៩ នៅខេត្តជេជូ ប្រទេសកូរ៉េ មានមុខវិជ្ជាសិក្សាផ្នែកវិទ្យាសាស្ត្រសង្គម និងឈានមុខគេក្នុងការបញ្ចូលបញ្ញាសប្បនិម្មិត AI ក្នុងកម្មវិធីសិក្សា ដូចជា គ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ ឧស្សាហកម្មឌីហ្សាញ ព័ត៌មានវិទ្យា ដ្រូន និងស្ថាបត្យកម្មជាដើម។
លោកបណ្ឌិត JUN បានជម្រាបជូន ឯកឧត្តម អំពីគម្រោងចង់បង្កើតកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យណាមួយក្នុងប្រទេសកម្ពុជា ដោយសហការផ្តល់ឱកាសអាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលមានការលំបាកផ្នែកហិរញ្ញវត្ថុ ឱ្យមានឱកាសបន្តការសិក្សាថ្នាក់ឧត្តម តាមស្តង់ដារកូរ៉េ លើមុខវិជ្ជាគណនេយ្យតាមកម្មវិធីបញ្ញាសប្បនិម្មិត AI ដែលស្របតាមតម្រូវការទីផ្សារការងារអន្តរជាតិ។
ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងការគាំទ្រចំពោះគម្រោង ដែលលោកបណ្ឌិតបានលើកឡើង និងបានអញ្ជើញលោកបណ្ឌិតទៅប្រទេសកម្ពុជា ដើម្បីជួបពិភាក្សាជាមួយក្រសួង-ស្ថាប័នអប់រំនៃប្រទេសកម្ពុជា ហើយស្ថានទូតត្រៀមខ្លួនរួចជាស្រេចក្នុងការជួយសម្របសម្រួលជំនួបខាងលើ។ ឯកឧត្តមក៏បានស្នើសាកលវិទ្យាល័យពិនិត្យលទ្ធភាពក្នុងការផ្តល់អាហារូបករណ៍ជូននិស្សិតដែលបញ្ចប់ការសិក្សានៅកូរ៉េ និងបងប្អូនសហគមន៍ខ្មែរនៅកូរ៉េ ដែលមានបំណងបន្តការសិក្សាថ្នាក់ឧត្តមនៅសាកលវិទ្យាល័យ Cheju Halla ផងដែរ៕


ប្រភព៖ ក្រសួងព័ត៌មាន