ក្រសួងទេសចរណ៍ ជូនដំណឹងអំពីលេខទំនាក់ទំនងរហ័ស ២៤ម៉ោង សម្រាប់ភ្ញៀវទេសចរជួបបញ្ហា ឬត្រូវការជំនួយបន្ទាន់នៅកម្ពុជា
(រាជធានីភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំំណឹង ពី លេខទំនាក់ទំនងរហ័ស ២៤ម៉ោង សម្រាប់ភ្ញៀវទេសចរជួបបញ្ហា ឬត្រូវការជំនួយបន្ទាន់នៅកម្ពុជា។

ក្នុងសេចក្តីជូនដំណឹងពី ក្រសួងទេសចរណ៍ បានបញ្ជាក់បន្ថែមថា លេខទំនាក់ទំនងរហ័សសម្រាប់ភ្ញៀវទេសចរក្នុងពេលទស្សនាព្រះរាជាណាចក្រកម្ពុជា
លេខាធិការដ្ឋាននៃគណៈកម្មការអន្តរក្រសួងសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិនិងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) មានកិត្តិយសសូមជម្រាបជូន ប្រតិបត្តិករទេសចរណ៍ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ឱ្យបានជ្រាបសារជាថ្មីថា៖ ដើម្បីរួមគ្នាលើកកម្ពស់កិត្តិនាមព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ទំនុកចិត្ត និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ គ.អ.ច.ទ. និងក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ ននិងកំពុងយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហការក្នុងការផ្តល់សេវាជំនួយនិងដោះស្រាយបញ្ហាជូនភ្ញៀវទេសចរ ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។
ករណីភ្ញៀវទេសចរជាតិ និងអន្តរជាតិជួបប្រទះបញ្ហាចៃដន្យ ឬត្រូវការជំនួយបន្ទាន់ក្នុងអំឡុងពេលស្នាក់នៅ និងធ្វើដំណើរទេសចរណ៍នៅកម្ពុជា សូមទំនាក់ទំនងលេខប្រតិកម្មរហ័សប្រចាំការ ២៤ម៉ោង ដូចខាងក្រោម៖
១. ករណីពាក់ព័ន្ធនឹងនីតិវិធីចូល-ចេញប្រទេសកម្ពុជា
-អគ្គនាយកដ្ឋានអន្តោប្រវេសន៍៖ ០៦៨៣៨៦ ៦៩៩/០៧៨ ៣៨៦ ៦៩៩/០៨៧ ៣៨៦ ៦៩៩
២. ករណីសន្តិសុខ និងសុវត្ថិភាព
– អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ១១៧
– នាយកដ្ឋាននគរបាលទេសចរណ៍៖ ០១៦ ៦៥៤ ៧៣៦
– ក្រុមប្រតិកម្មរហ័សសម្រាប់ជនបរទេស៖ ០៣១ ២០១ ២៣៤៥/០៣១ ៦០១ ២៣៤៥
៣. ករណីគ្រោះថ្នាក់ដល់រាងកាយ ឬត្រូវការជំនួយផ្នែកសុខភាពបន្ទាន់
– រថយន្តសង្គ្រោះបន្ទាន់៖ ១១៩
ចំពោះករណីត្រូវការជំនួយបន្ទាន់ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទទៅតាមប្រភេទករណីដែលបានបញ្ជាក់ ជូនខាងលើ ដើម្បីទទួលបានការជួយសង្គ្រោះ និងអន្តរាគមន៍បានទាន់ពេលវេលា។ ដូច្នោះ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ មេត្តាជ្រាប និងចូលរួមផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ៕



ប្រភព៖ ក្រសួងទេសចរណ៍