មនុស្ស ១១នាក់បានបាត់បង់ជីវិត និង ៦នាក់រងរបួស ក្នុងហេតុការណ៍បាក់រអិលទឹកកកពីលើភ្នំនៅរុស្ស៊ី
រុស្ស៊ី៖ យ៉ាងហោចណាស់មានមនុស្សចំនួន ១១នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់រអិលទឹកកកពីលើភ្នំនៅក្នុងប្រទេសរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន CNN នៅក្នុងថ្ងៃទី៨ ខែកញ្ញា។ ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយ ក៏នៅមានមនុស្សចំនួន ៦នាក់ផ្សេងទៀតបានរងរបួសផងដែរ។

បើតាមអាជ្ញាធររុស្ស៊ីបានបញ្ជាក់ថា ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនិងរងរបួសគឺជាក្រុមអ្នកដើរឡើងភ្នំ នៅក្នុងចំណោមសមាជិកសរុបចំនួន ៣៣នាក់ ហើយនៅក្នុងពេលកើតហេតុនោះពួកគេកំពុងស្ថិតនៅក្នុងបេសកកម្មដើរឡើងភ្នំ Mizhirgi ដែលមានទីតាំងស្ថិតនៅតំបន់ North Caucasus។ ប្រភពខាងលើបានបន្តថា ខណៈដែលពួកគេដើរបានត្រឹមចង្កេះភ្នំស្រាប់តែដុំទឹកកកបានរអិលធ្លាក់ពីលើកំពូលភ្នំយ៉ាងឆាប់រហ័សបំផុត ទើបធ្វើឱ្យអ្នកឡើងភ្នំមួយចំនួនមិនអាចគេចខ្លួនបានទាន់ពេលវេលានោះទេ៕

អត្ថបទ៖ ភក្តី
ប្រភព៖ CNN