លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលក្រុង បានចុះទៅបង្ក្រាប ដល់ទីតាំងកន្លែងកើតហេតុ ដែលក្មេងទំនើងបាននាំគ្នាបង្ហោះម៉ូតូ
ក្រុងស្វាយរៀង÷នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៧ និង២០នាទី សមត្ថកិច្ចយើង បានទទួលព័ត៌មានតាមរយៈគណនីហ្វេសបុកឈ្មោះ សឹង សុជាតិ ដែលបានផុសវីដេអូក្មេងបង្ហោះម៉ូតូ អមដោយការសរសេរខ្លឹមសារថា «ក្រុងស្វាយរៀង7.9.26 ផ្លូវបេតុង ភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ក្រុមក្មេងទំនើងបង្ហោះម៉ូតូផ្លូវបេតុង (ទល់មុខផ្ទះលក់គ្រឿងសំណង់50m) ជាសំណូមពរប្រជាពលរដ្ឋសូមជួយទប់ស្កាត់រាល់បទល្មើសជាយថាហេតុ…»។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំង នៃអធិការដ្ឋាននគរបាលក្រុង បានចុះទៅដល់ទីតាំងកើតហេតុខាងលើ និងបាននាំក្មេងទំនើង០២នាក់គឺ:
១.ឈ្មោះ ស៊ឹម ឆៃយ៉ា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង (ជាអ្នកបង្ហោះម៉ូតូ)
២.ឈ្មោះ ជូ ដេវីន (ហៅញ៉ាញ់) ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអណ្តូងតាសី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង(ជាអ្នកជិះពីក្រោយ) រួមនឹងម៉ូតូមួយគ្រឿង ម៉ាក SUZUKI NEX ពណ៌សលាយខៀវ ស៊េរីឆ្នាំ២០១២១ ពាក់ផ្លាកលេខ ភ្នំពេញ 1KH-2081 យកមកអធិការរដ្ឋាននគរបាលក្រុងស្វាយរៀង ដើម្បីធ្វើការសាកសួរ និងឆ្លើយបំភ្លឺជូនសមត្ថកិច្ចយើងថា ពួកខ្លួនពិតជាបាននាំគ្នាជិះបង្ហោះជិះម៉ូតូ នៅត្រង់ចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ប្រាកដមែន។
បន្ទាប់ពីស្តាប់ការបំភ្លឺពីឈ្មោះ ស៊ឹម ឆៃយ៉ា និងឈ្មោះ ជូ ដេវីន (ហៅញ៉ាញ់) រួច ដោយមានការឯកភាពពី លោក ឧត្តមសេនីយ៍ទោស្នងការ និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង សមត្ថកិច្ចយើងបានធ្វើកិច្ចសន្យាអប់រំណែនាំ អោយឈប់ជិះបង្ហោះម៉ូតូ និងធ្វើសកម្មភាពនានា ដែលប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងបានអោយអាណាព្យាបាលមកធ្វើការធានា យកទៅអប់រំណែនាំនៅផ្ទះបន្ថែម។
*ចំពោះ ម៉ូតូរក្សាទុកនៅ អធិការដ្ឋាននគរបាលរដ្ឋបាលក្រុងស្វាយរៀង រយៈពេល០៣ខែ។







ប្រភព អធិការដ្ឋាន នគរបាលក្រុងស្វាយរៀង