អន្តរជាតិ
មនុស្ស ៦នាក់បានបាត់បង់ជីវិត និង ៩នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍បាក់ដីនៅភាគខាងលិចប្រទេសចិន
BY Pheakdey Tran
September 8, 2026
ចិន៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាក់ដីនៅក្នុងប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី៨ ខែកញ្ញា។ ទីតាំងដែលជាកន្លែងនោះគឺ តំបន់ Mingkeng ដែលស្ថិតនៅក្នុងខេត្ត Jiangxi ភាគខាងលិចប្រទេសចិន។

ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សត្រូវស្លាប់បាត់បង់ជីវិតហើយ គិតត្រឹមពេលនេះក៏នៅមានមនុស្សចំនួន ៩នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ ខណៈអាជ្ញាធរតំបន់កំពុងប្រើអស់គ្រប់មធ្យោបាយដើម្បីតាមស្វែងរកពួកគេ។ ប្រភពខាងលើបានបន្តថា មុនពេលមានគ្រោះថ្នាក់កើតឡើងតំបន់កើតហេតុខាងលើបានរងសម្ពាធព្យុះភ្លៀងជាច្រើនថ្ងៃជាប់ៗគ្នា ហើយចំពោះមុខស្ថានភាពបន្ទាន់នេះអាជ្ញាធរចិនក៏បានសម្រេចបិទសាលារៀន និងផ្អាកមធ្យោបាយធ្វើដំណើរសាធារណៈមួយចំនួនជាបណ្តោះអាសន្នផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time